កំពង់ឆ្នាំង ៖ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និង ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានបន្តដំណើរចុះទៅពិនិត្យអំពីដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ជូនសមាគមន៍អតីតយុទ្ធជននៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អម សុភា អភិបាលរងខេត្ត និង លោកវេជ្ជបណ្ឌិត ទុំ សម្បតិ្ត ប្រធានមន្ទីរពេទ្យងបង្អែកខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម ធន ធឿន ប្រធានសមាគមន៍អតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឲ្យដឹងថា នៅខេត្តកំពង់ឆ្នាំង មានសមាជិកសាមាគមន៍អតីតយុទ្ធជនចំនួន២៩៤៩នាក់ ចំពោះវ៉ាក់សាំងដែលទទួលបានសម្រាប់ចាក់ជូនបងប្អូនសមាជិកសមាគមន៍អតីតយុទ្ធជននាពេលនេះ មានចំនួន២៩៤៩ដូស សម្រាប់ចាក់លើកទី១នេះ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ខេត្តកំពពង់ឆ្នាំង បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដល់មន្រ្តីជួរមុខបានធ្វើឡើងកាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២១ ហើយបានដំណើរចាក់វ៉ាក់វាំងបង្ការជំងឺកូវីដ១៩ នេះ បានធ្វើឡើងនៅតាមមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ និង មន្ទីរពេទ្យបង្អែស្រុកំពង់ត្រឡាច ហើយនៅចុងក្រោយនេះ បានពង្រីកទីតាំងចាក់វ៉ាក់សាំងតាមណ្ឌលសុខភាពផងដែរ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និង ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានមានប្រសាសន៍គូសបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ថ្មីមួយបន្ថែមទៀតលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអាយុជីវិតពលរដ្ឋ និងអតីតយុទ្ធជន ដើម្បីឱ្យបានចៀសផុតពីជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះវ៉ាក់សាំងកំពុងមានទីផ្សារខ្ពស់ណាស់ ត្រូវការចាំបាច់ណាស់ចំពោះមនុស្សជាតិលើពិភពលោក។ តែពលរដ្ឋកម្ពុជា និង អតីតយុទ្ធជនយើងមានសំណាងណាស់ ដែលមានសម្តេចតេជោ ជាមេដឹកនាំ ហើយលោកបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូន ។ មានវ៉ាក់សាំង គឺយើងមានកងការពារមួយយ៉ាងរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ៕










