កំពង់ឆ្នាំង ៖ ទីតាំងលក់ហ្គាស និង ប្រេងឥន្ទន:មួយកន្លែង ស្ថិតតាមបណ្តាយផ្លូវជាងិលេខ៥ ក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដោយសារការធ្វេសប្រហែសលើប្រព័ន្ធបញ្ចូលហ្គាស។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់សង្គមនេះគេឃើញរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ រយះពេលជាង២ម៉ោងទើបភ្លើងរលត់ទាំងស្រុង ។

លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះ បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាឲ្យលោកដឹកនាំកម្កាំង និង រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ចេញអន្តរាគមន៍បាញ់ទឹកពន្លត់
ដោយប្រើរយះពេលជាង២ម៉ោង អស់ទឹកចំនួន១៣រថយន្ត ទើបភ្លើងរលត់ទាំងស្រុង ។

លោកស្នងការរងបានឲ្យដឹងបន្តថា ហេតុការណ៍នេះ បណ្តាលឲ្យឆេះទីតាំងលក់ហ្គាសខូចខាតស្ទើរទាំងស្រុង ឆេះបំពង់ហ្គាស ព្រមទាំងសម្ភារ:មួយចំនួនផងដែរ។ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ ។

លោកលុយ ឌីណា បានបញ្ជាក់ថា ស៊ីទែនប្រេងនិងហ្គាសធំៗចំនួន៣ និង ស្ថានីយ៍ប្រេង ដែលស្ថិតនៅជាប់គ្នានោះ ជួយសង្គ្រោះបាន មិនត្រូវភ្លើងឆេះនោះទេ ដោយសារការអន្តរាគមន៍បានទាន់ពេលវេលាពីកម្លាំងជំនាញ។ ហើយចំពោះមូលហេតុ នៃករណីនេះគឺបណ្តាលមកពីការធ្វេសប្រហែសលើប្រព័ន្ធបញ្ចូលហ្គាស ៕ ដោយ៖សន គន្ធនិវឌ្ឍន៍