ឆ្នាំ​នេះ​នៅ​ខេត្ត​កំ​ពង់​ឆ្នាំង​មាន​បេក្ខ​ជន​ជាង​៤ពាន់​ នាក់​ ដាក់​ពាក្យ​ចូល​រួម​ប្រឡង​សញ្ញា​បត្រ​មធ្យម​ សិក្សា​ទុតិយ​ភូមិ​

  • កំពង់ឆ្នាំង ៖ នៅឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង មានបេក្ខជនជាង៤ពាន់នាក់ ដែលបានដាក់ពាក្យចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សុឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ឆ្នាំង ។

    លោក សុឹម ប្រឹម បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅនិងបំពេញវិជ្ជា ឆ្នាំសិក្សា២០២០.២០២១នេះ នៅក្នុងខេត្តកំពង់ឆ្នាំង មានមណ្ឌលប្រឡងចំនួន៨មណ្ឌល ស្មើនឹង១៦៣បន្ទប់ មានបេក្ខជនចំនួន ៤ ០៦១ នាក់ ស្រីចំនួន២ ១៦៥នាក់ ដែលបានដាក់ពាក្យចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។

    នៅក្នុងឱកាសអញ្ជើញចូលរួមបើកវិញ្ញាសារប្រឡង នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នេះឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត កំពង់ឆ្នាំងបានបញ្ជាក់ថា ការប្រឡងសញ្ញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំនេះ ធ្វើឡើងក្នុងបរិបទ ដែលប្រទេសកម្ពុជាយើង បានឆ្លងផុតពីព្រឹត្តិការ២០កុម្ភ: ហើយប្រមុខរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ ប៉ុន្តែយើងនៅតែបង្កើនការប្រុងប្រយ័ត្នដោយអនុវត្តតាមវិធានការសុខាភិបាលបានយ៉ាងត្រឹមត្រូវក្នុងការទប់ស្កាត់ការឆ្លងរាលដាល នឌជំងឺកូវីដ ១៩ ។

    ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើ ដល់គណៈមេប្រយោគ និង អនុរក្ស តាមបន្ទប់ប្រឡងនីមួយៗត្រូវយកចិត្តទុកដាក់អនុវត្តន៍ឲ្យបាននូវគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបទញ្ជាផ្ទៃក្នុងនានា ក្នុងការប្រឡង ដើម្បីធានាឲ្យការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ កាន់តែទទួលបានលទ្ធផលល្អ ប្រកបដោយ តម្លាភាព និង គុណភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹង គុណភាពវិស័យអប់រំ និង វិធានការសុវត្ថិភាពសុខភាព ក្នុងបរិបទជំងឺកូវីដ-១៩ផងដែរ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានលើកទឹកចិត្តដល់ក្មួយៗដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់លទ្ធភាព សមត្ថភាព និង ចូលរួមថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងខិតខំធ្វើការប្រឡងឲ្យអស់សមត្ថភាព ដើម្បីប្រឡងជាប់និងទទួលបាននិទ្ទេសល្អៗ សម្រាប់កិត្តិយសខេត្ត និង ក្រុមគ្រួសារ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង