ឯកឧត្តម​ ហេង​ រតនា ៖ ស៊ី​ម៉ាក់​កំពុង​ពង្រឹង​សមត្ថភាព​ដល់​មន្ត្រី​ជំនាន់​ក្រោយ​លើ​កិច្ច​ការ​បោស​សម្អាត​មីន​​ដោយ​ធានា​បាន​នូវ​សុវ​ត្ថិ​ភាព​ខ្ពស់​​​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្ន​ស៊ីម៉ាក់បាននឹងកំពុងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញ ក្នុងការទទួលខុសត្រូវ លើកិច្ចប្រតិបត្តិការបោសសម្អាតមីន ដល់មន្ត្រីជំនាន់ក្រោយ ឲ្យមានសមត្ថភាពខ្ពស់ និងមានភាពច្បាស់លាស់លើកិច្ចការបោសសម្អាតមីន ដោយធានាបាននូវសុវត្តិភាពខ្ពស់ ។

    ឯកឧត្តម ហេង រតនា បានថ្លែងបញ្ជាក់បែបនេះនៅក្នុងពិធីបិទវគ្គជំនាញគរុកោសល្យទូទៅដល់សិក្ខាកាមជាគ្រូបច្ចេកទេស នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងពិធីបើកវគ្គហ្វឹកហ្វឺនឯកទេសយុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត១ និងវគ្គហ្វឹកហ្វឺនគ្រូជំនាញបច្ចេកទេសសុនខល្បាតនៅវិទ្យាស្ថានបច្ចេក​ទេសសកម្មភាពមីន ដែលមានទីតាំង ស្ថិតក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។

    ឯកឧត្តម អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ទៀតថា វគ្គហ្វឹកហ្វឺននេះ ពិតជាមានសារសំខាន់បំផុតដល់សិក្ខាកាមទាំងអស់ ដែលបានសិក្សានូវបទពិសោធន៍ បច្ចេកទេសថ្មីៗ ក្នុងការបោសសម្អាតមី និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រកបដោយសុវត្តិភាពខ្ពស់ ក្នុងការបំពេញការងារជាក់ស្តែងរបស់ខ្លួន នៅចំការមីន ។

    ដោយឡែកសម្រាប់វគ្គជំនាញគរុកោសល្យទូទៅ បង្កើតឡើង ក្នុងគោលបំណង ដើម្បីហ្វឹកហ្វឺនកសាង និងបង្កើនសមត្ថភាពដល់គ្រូរបស់ស៊ីម៉ាក់ ក្នុងការពង្រឹងសមត្ថភាព ពហុជំនាញ សម្រាប់ក្រោយឆ្នាំ២០២៥ ។ ហើយការធ្វើជាគ្រូបង្រៀន ត្រូវតែមានក្រមសីលធម៌ និងវិជ្ជាជីវៈ ផងដែរ ។

    ឯកឧត្តម ហេង រតនា បានមានប្រសាសន៍បន្តទៀតថា វិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន របស់អង្គភាពស៊ីម៉ាក់ ( CMAC ) បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការហ្វឹកហ្វឺនជំនាញបច្ចេកទេស និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ ក្នុងវិស័យសកម្មភាពមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ពិសេសបណ្តាប្រទេស ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង