កំពង់ឆ្នាំង៖ ត្រីសម្រាប់ធ្វើប្រហុក ផ្អក បានចាប់ផ្តើមត្រូវជាបណ្តើរៗហើយ នៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ ។ ខណៈពេលដែលត្រីចាប់ផ្តើមត្រូវគេសង្កេតឃើញមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាចុះមកធ្វើប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត ត្រៀមទុកសម្រាប់ការបរិភោគប្រចាំឆ្នាំ ។
ប្រជាពលរដ្ឋដែលចុះមកធ្វើប្រហុក ផ្អក នៅតាមតំបន់នានា ក្នុងខេត្តកំពង់ឆ្នាំង មានមកពីខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និង មួយចំនួនទៀតជាអ្នកខេត្តកំពង់ឆ្នាំង ដែលពួកគាត់រស់នៅប៉ែកខាងលើឆ្ងាយពីដែននេសាទ ។
ប្រជាពលរដ្នបានឲ្យដឹងថា ជារៀងរាល់ឆ្នាំក្រោយពេលប្រមូលផលស្រូវវស្សារួចរាល់ហើយ ពួកគាត់តែងតែនាំគ្នាចុះមកកាន់ដែននេសាទនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដើម្បីធ្វើប្រហុក ផ្អក ត្រីឆ្អើរ ត្រីងៀត ទុកសម្រាប់ការបរិភោគប្រចាំឆ្នាំ ។ ពួកគាត់បានបញ្ជាក់ឲ្យដឹងថា ឆ្នាំនេះត្រីសំបូរហើយធំៗ ងាយស្រួលទិញ ហើយតម្លៃក៏ធូរថ្លៃជាងឆ្នាំមុនដែរ ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ត្រីត្រូវខ្លាំងចាប់ពីថ្ងៃទី១១ ខែធ្នូ ហើយឆ្នាំនេះត្រីសំបូរនិងធំៗជាងឆ្នាំមុន។លោក លី ឡា បានបញ្ជាក់ថា នៅក្នុងខ្នើតទីមួយនេះ ត្រីនឹងបន្តត្រូវរហូតដល់ថ្ងៃទី១៦ ខែធ្នូ ប្រសិនអាកាសធាតុអំណោយផលល្អ ។
សូមបញ្ជាក់ថា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២១-២០២២នេះ បន្ទាប់ពីបានធ្វើការសង្កេតតាមដានកំពស់ ទឹកដែលហូរចេញពីបឹងទន្លេសាប ពិនិត្យឃើញថា គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និង រាជធានីភ្នំពេញ អាចនេសាទត្រីបានច្រើននៅក្នុងខែមិគសិរនេះ នៅថ្ងៃ៨កើត ដល់ថ្ងៃ១២កើត ត្រូវនឹងថ្ងៃទី១២ រហូត ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។
រដ្ឋបាលជលផល បានសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែល មានបំណងដូចជា ការធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ ជាដើម សម្រាប់ទុកបរិភោគប្រចាំឆ្នាំ សូមមេត្តាអញ្ជើញមកទិញត្រីឱ្យ បានរួសរាន់ តាមពេលវេលា និងទីកន្លែងដូចខាងលើ។
ទន្ទឹមគ្នានេះ រដ្ឋបាលជលផល ក៏សំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយ បង្ករលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និង ដឹកជញ្ជូនផលិតផលត្រីបានដោយ រលូនតាមការគួរ និង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាលអំពីវិធានការការពារមេរោគកូវីដ-១៩ ៕