មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបានព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះក្រុមហ៊ុនសាងសង់ផ្លូវទាំងឡាយណាដែលនៅតែល្មើសមិនចូលរួមគាំពារបរិស្ថានដោយមិនគោរពតាមបទដ្ឋានសាងសង់ផ្លូវត្រឹមត្រូវនិងបង្កឱ្យមានការហុយដីធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋមូលដ្ឋានរស់នៅជិតទីតាំងសាងសង់។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពក្រសួងបរិស្ថាន និងបច្ចុប្បន្នភាព នៃ បរិស្ថាន គុណភាពខ្យល់នៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ហេង ណារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានលើកឡើងថា កន្លងមកក្រសួងធ្លាប់ធ្វើការណែនាំនិងផាកពិន័យចំពោះក្រុមហ៊ុនសាងសង់ផ្លូវមួយចំនួនដែលមិនបានអនុវត្តន៍តាមអ្វីដែលជាការណែនាំរបស់ក្រសួងក្នុងការគាំពារបរិស្ថានដែលបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ឯកឧត្តម បានបញ្ជាក់ថា វិធានការផ្លូវច្បាប់នឹងត្រូវអនុវត្តន៍ហើយនៅពេលដែលការជូនដំណឹង និងការណែនាំឱ្យធ្វើការកែកំហុសឆ្គងមិនត្រូវបានគោរព។ ឯកឧត្តមបានបន្ដថា យើងធ្វើជាជំហានៗដែលត្រូវអនុវត្តន៍ ក្នុងនោះផ្តើមចេញពីការពិន័យអន្តរកាល។ ដោយឡែកក្នុងករណីមិនរាងចាល ករណីនេះនឹងត្រូវទ្វេដង ហើយប្រសិនបើបទល្មើសនេះនៅតែបន្ត គឺអាចឈានទៅដល់ការដកអាជ្ញាប័ណ្ណ។
ឯកឧត្តមបន្តទៀតថា វិធានការខាងលើនេះ គឺជាវិធានការដែលក្រសួងបាននិងធ្លាប់អនុវត្តន៍កន្លងមក។ តែទោះបីជាយ៉ាងណាឯកឧត្តមក៏បានអះអាងបន្ថែមថា ក្រសួងនៅមិនទាន់ឈានដល់ការដកអាជ្ញាប័ណ្ណក្រុមហ៊ុនដែលទទួលសិទ្ធិសាងសង់ផ្លូវណាមួយនោះទេ ដោយគ្រាន់តែធ្វើការពិន័យតែប៉ុណ្ណោះ ៕