អង្គ​ការ​ជីវិត​ថ្លៃថ្នូរ​ផ្តល់​រថយន្ត​សម្រាប់​ប្រមូល​ កាកសំណល់ នៅស្រុកសាមគ្គីមានជ័យនិងស្រុកទឹកផុស

  • កំពង់ឆ្នាំង ៖ រថយន្តសម្រាប់ប្រមូលកាកសំណល់ នៃគម្រោង គ្រប់គ្រងកាកសំណល់រាវ និង លាមក ត្រូវបានផ្តល់ដល់មន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីអនុវត្តន៍ នៅស្រុកចំនួន២ក្នុងខេត្តកំពង់ឆ្នាំង ។ពិធីប្រគល់ ទទួលរថយន្តនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ម៉ាទីន វ៉ាវ រ៉ា ឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋឆែកប្រចាំនៅប្រទេសកម្ពុជា ។លោក សួន សុភាព នាយកប្រតិបត្តិ អង្គការជីវិតថ្លៃថ្នូរ បានមានប្រសាសន៍ឲ្យដឹងថា អង្គការជីវិតថ្លៃថ្នូរ ជាអង្គការមិនមែនរដ្ឋាភិបាលធ្វើការជាមួយនឹងប្រជាពលរដ្ឋ និង សហគមន៍ងាយរងគ្រោះដើម្បីផ្លាស់ប្តូរកែប្រែស្ថានភាពផ្ទាល់ខ្លួននិងសង្គម-សេដ្ឋកិច្ចរបស់ពួកគេឲ្យឆ្ពោះទៅកាន់ ភាពអាស្រ័យលើខ្លួនឯង តាមរយៈវិធីសាស្ត្រអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ។លោកសួន សុភាពបានឱ្យដឹងទៀថា ការគ្រប់គ្រងកាកសំណល់រាវ និងលាមក ត្រូវអនុវត្តន៏សកម្មភាពរបស់ខ្លួននៅក្នុងស្រុកចំនួន២ ឃុំចំនួន៨ (០៥ ឃុំមកពីស្រុកសាមគ្គីមានជ័យ និង ០៣ឃុំ មកពីស្រុកទឹកផុស) ដែលបានចាប់ផ្តើមអនុវត្តន៍ចាប់តាំងពីខែមីនាឆ្នាំ ២០២១ រហូតមកដល់ខែកញ្ញា ឆ្នាំ២០២១នេះមានរយះពេលចំនួន៦ខែហើយ ។គម្រោងនេះមានគោលបំណងដើម្បីកាត់បន្ថយការគ្រប់គ្រងកាកសំណល់រាវ និងលាមកដែលមិនមានសុវត្ថិភាពនៅក្នុងសហគមន៍គោលដៅ ។ គម្រោងនេះមានសកម្មភាពធំៗចំនួនពីរ៖ ១.បណ្តុះបណ្តាលពីការរៀបចំទុកដាក់លាមក និងការផលិតជីធម្មជាតិនៅក្នុងសហគមន៍ ។ ២. ផ្តល់រថយន្តប្រមូលកាកសំណល់រាវ និងលាមកជូនដល់មន្ទីរអភិវឌ្ឍន៍ជនបទ ។ឯកឧត្តមម៉ាទីន វ៉ាវ រ៉ា ឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋឆែក ប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ ដោយគូសបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការផ្លាស់ប្តូរ សេដ្ខកិច្ច សង្គមកិច្ច និង វប្បធម៌ ។ ចំពោះការគ្រប់គ្រងកាកសំណល់រាវ គឺជាកិច្ចការដែលចាំបាច់មួយដែលសាធារណរដ្ឋឆែកតែងតែបានយកចិត្តទុកដាក់និងគាំទ្រជាប្រចាំ ព្រោះពាក់ព័ន្ធ និង សុខមាលភាព របស់ប្រជាពលរដ្ឋ តាមរយៈវិស័យទឹកស្អាតនិងអនាម័យ ។មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការជីវិតថ្លៃថ្នូរ ដែលបាន យកចិត្តទុកដាក់ គិតគូររៀបចំនូវគម្រោងមួយនេះ ដែលកាន់តែធ្វើឱ្យប្រសើរឡើងថែមទៀត ចំពោះការរៀបចំទុកដាក់ និង កែច្នៃ កាកសំណល់ ទាំងនេះឱ្យមានប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ ។ ពិសេសគឺការបណ្តុះគំនិតដល់ប្រជាពលរដ្ឋឱ្យចេះទុកដាក់កាកសំណល់រាវនិងលាមក បានត្រឹមត្រូវ ដើម្បីសុខមាលភាពក្នុងសង្គមគ្រួសារ ក៏ដូចជានៅក្នុងមូលដ្ឋានផ្ទាល់ផងដែរ ។ឯកឧត្តម បានបញ្ជាក់ទៀតថា តាមរយៈ នៃការអនុវត្តគម្រោងនេះ សូមឱ្យអាជ្ញាធរមូលដ្ឋាន នៃស្រុកគោលដៅបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ ជាមួយនិងអង្គការជីតវិតថ្លៃថ្នូ ដើម្បីឱ្យគម្រោងមួយនេះដំណើរការទៅបានយ៉ាងរលូន និង មានប្រសិទ្ធភាព ឆ្លើយតបតាមផែនការនៃការអនុវត្តគម្រោងដោយជោគជ័យ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង