យោងតាម លទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា ចំនួន៦៥នាក់ ក្នុងរយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា។ ក្នុងចំណោមអ្នកដែលឆ្លងទាំង៦៥ នាក់ នេះមានជាអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ៤នាក់ ពលករមកពីប្រទេសថៃ ១៧នាក់ បុគ្គលិកសុខាភិបាល ៤នាក់ មន្ត្រីរាជការ ៤នាក់ និងអ្នកភូមិនៅក្នុងសហគមន៍ ៣៦នាក់។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីនេះ ត្រូវបានរកឃើញនៅ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។
ជាមួយគ្នានេះ រដ្ឋមន្រ្តី ក្រសួង សុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង ក្រើន រំលឹក ឲ្យ ប្រជាពលរដ្ឋ កុំភ្លេច ខ្លួន ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់អនុវត្តឱ្យបានខ្ជាប់ខ្ជួន វិធានការ ៣កុំ ៣ការពារ និងត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនតាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩- សំដៅបង្ការគ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសវីរុសប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងកម្ពុជាជាយថាហេតុណាមួយ។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១៣ ខែសីហា កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទដែលតាសរុបទាំងអស់ចំនួន ៤៩៤នាក់ ដោយអ្នកឆ្លង ជាពលករត្រលប់ពីប្រទេសថៃ និងវៀតណាម អ្នកដំណើរមកតាមជើង ហោះហើរ បុគ្គលិកសុខាភិបាល មន្រ្តីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍។
គិតត្រឹមថ្ងៃទី១៣ ខែសីហា កម្ពុជាមានរាជធានី-ខេត្តចំនួន២២ហើយដែលប៉ះពាល់នឹងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទដែលតានេះលើកលែងតែ៣ខេត្តប៉ុណ្ណោះ គឺ ខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ នៅមិនទាន់រកឃើញនៅឡើយ៕










