កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន៣៩នាក់ ដែលជាអាជីវករ កម្មករ កសិករ និងគ្រូបង្រៀន ខណៈអ្នកជំងឺកូវីដ-១៩ ជាសះស្បើយមានចំនួន ៥២នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៤ ខែសីហានេះ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ចំពោះអ្នកវិជ្ជមានកូវីដ-១៩ ទាំង៣៩នាក់ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មណ្ឌលព្យាបាល សាលាបឋមសិក្សាគំរូក្រុង មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយ អ្នកវិជ្ជមានកូវីដ-១៩ ទាំង៣៩នាក់ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមក ពិនិត្យសំណាកជាបន្ទាន់នៅ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង៣កុំ” ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ។
ក្រៅពីប្រកាសរកឃើញអ្នកឆ្លងថ្មី រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានប្រកាសពីករណីមរណភាពបុរសជនជាតិខ្មែរអាយុ ៦៧ឆ្នាំ រស់នៅភូមិសុបិន ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បុរសដែលទទួលមរណភាពនេះ បានចូលមកមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទី ដោយអាការៈហត់ ដង្ហក់ ត្រជាក់ចុងដៃចុងជើង និងវិជ្ជមានកូវីដ-១៩ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរ ទោះបីក្រុមគ្រូពេទ្យបានព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានមរណភាពនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២និង២៣នាទី៕ អត្ថបទ៖ សុគន្ធារី













