ក្រោយ​ពី​រាជ​រដ្ឋា​ភិបាល​សម្រេច​កាត់​ឆ្វៀល​ដី​ជូន​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ឃុំ​សំ​រោង​សែន​រួច​មក​ មន្ត្រី​ជំនាញ​​ចុះ​​ធ្វើ​ប័ណ្ឌ​កម្ម​សិទ្ធិ​ជូន​ពួក​គាត់​

  • កំពង់ឆ្នាំង ៖ ក្រោយពីរាជរដ្ឋាភិបាលសម្រេចកាត់ឆ្វៀលដី ដែលប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផលពិតប្រាកដ នៅក្នុងភូមិសាស្ត្រឃុំសំរោងសែន ស្រុកកំពង់លែង រួចមកហើយនោះ នៅពេលនេះមន្ត្រីជំនាញបានចុះវាស់វែងនិងធ្វើប័ណ្ឌកម្មសិទ្ធិជូនពួកគាត់ជាបន្តបន្ទាប់ ។

    នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការចុះបញ្ជីជាលក្ខប្រព័ន្ធ ភូមិចំនួន២ ក្នុងឃុំសំរោងសែន ស្រុកកំពង់លែង ។

    លោក មុំ សារ័ត្ន ប្រធានក្រុមការងារចុះវាស់វែងដីធ្លី ជាលក្ខណៈប្រព័ន្ធបានឲ្យដឹងថា ភូមិសំរោងសែន និងភូមិប៉ប្រ៉ក ត្រូវបានក្រុមការងារចុះអនុវត្តនិតិវិធីតាមដំណាក់កាលនិមួយៗ ជាបន្តបន្ទាប់រហូតដល់ដំណាក់កាលបិទផ្សាយជាសាធារណៈ នៃការចុះបញ្ជីជាលក្ខណៈប្រព័ន្ធដែលមានចំនួន២៤០ក្បាលដី ។

    លោកបញ្ជាក់ថា ការបិទផ្សាយនូវឯកសារ ជាសាធារណៈនេះ មានរយះពេល១៥ថ្ងៃ ដើម្បីឲ្យប្រជាពលរដ្ឋជាម្ចាស់ក្បាលដីទាំងអស់ មកពិនិត្យមើលឲ្យបានត្រឹមត្រូវ និងទុកឳកាសឲ្យអ្នកកាន់កាប់ ឬអ្នកពាក់ព័ន្ធធ្វើការតវ៉ាកែតម្រូវលើឯកសារ ដោយមានមន្ត្រីជំនាញ នៅចាំពន្យល់ ទទួលបណ្តឹង និងធ្វើការដោះស្រាយ​ជូន ។

    ប្រជាពលរដ្ឋនៅក្នុងឃុំសំរោងសែន ស្រុកកំពង់លែង បានសំដែងនូវការសម្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋា​ភិបាល ដែលបានយកចិត្តទុកដាក់និងគិតគូដល់ប្រជាពលរដ្ឋ ក្នុងការផ្តល់ប័ណ្ឌកម្មសិទ្ធិដីធ្លី ជូនដល់ពួកគាត់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង