កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញមនុស្សចំនួន១៥នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ដែលជាកម្មករបម្រើការងារនៅតាមរោងចក្រនិងប្រជាពលរដ្ឋ នៅក្នុងស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ស្រុកទឹកផុស និង ស្រុករលាប្អៀរ ។

អ្នកវិជ្ជមានកូវិដ.១៩ ខាងលើបានដាក់ឲ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និង មណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែន កំពង់ត្រឡាច ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានដែលមានកម្មករកម្មការនីស្នាក់នៅទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងគ្រួសារអ្នកទាំងនោះ ឲ្យធ្វើចត្តាឡីស័កនៅតាមមូលដ្ឋានទីសំណាក់រៀងៗខ្លួន ឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល បន្តតាម ដានសុខភាពរបស់បងប្អូន និង ជួយដោះស្រាយការលំបាកនានាក្នុងគ្រួសារនិមូយៗ តាមការជាក់ស្តែង ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានជំងឺ កូវីដ១៩ ក្នុងរយៈពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ឬ មណ្ឌលសុខភាពដែលនៅជិតបំផុត ៕

