បុរស​ម្នាក់​ត្រូវ​ជន​ដៃ​ដល់​បាញ់​ស្លាប់​នៅ​ស្រុក​អូរ​យ៉ា​ដាវ ​ខេត្ត​រតន​គិ​រី ​

  • មន្ត្រីយោធាម្នាក់បានបាញ់ជាច្រើនគ្រាប់ ទៅលើបុរម្នាក់ទៀតនៅក្នុងចម្ការកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិគងយុគ ឃុំប៉ាត់តេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បណ្ដាលឱ្យជនរងគ្រោះ រងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះរឹម ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចាក់ជ័រកៅស៊ូ មានទីលំនៅកន្លែងកើតហេតុខាងលើ។ ជនរងគ្រោះត្រូវគ្រាប់ចំឆ្អឹងជំនីខាងស្តាំចំនួន២គ្រាប់ និង ត្រូវចំភ្លៅខាងស្តាំចំនួន១គ្រាប់ ។ រីឯជនដៃដល់ឈ្មោះលី ថេងជាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាយោធា ។

    សមត្ថកិច្ចបានដកហូតបានអាវុធខ្លីម៉ាក្ស (CF98) ១ដើម សំបកកាទូសចំនួន៥សំបក គ្រាប់មិនទាន់ផ្ទុះចំនួន៤គ្រាប់ បង់ចំនួន១ និង រថយន្ត Maxda ព៌ណស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2Z-9098 ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបរកែវ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានស្លាប់ក្រោយពេលទៅដល់មន្ទីរពេទ្យនោះតែម្ដង។

    ចំពោះមូលហេតុដែលឈានទៅដល់ការបាញ់សម្លាប់ ជនរងគ្រោះខាងលើនេះ សមត្ថកិច្ចមិនបានបញ្ជាក់នោះឡើយ ។ដោយគ្រាន់តែបង្ហើបថា មូលហេតុនៃការផ្ទុះអាវុធនេះ គឺមានការស៉ីជម្រៅ ខណៈជនសង្ស័យក៏មានសារធាតុញៀនក្នុងខ្លួនផងដែរ តាមរយៈការពិនិត្យទឹកនោម។

    បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានយកទៅតម្កល់នៅវត្តអូរយ៉ាដាវ និងប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីខ្មែរ។ រីឯជនដៃដល់ និង វត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី កសាងសុំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង