ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតី ពិធីសម្ពោធអគារសិក្សាថ្មី កម្រិតមធ្យមសិក្សា នៅសាលាស្មាយលីង ហ្គេខូ អេឌូខេសិន ខេមផ្លឹស ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

  • កំពង់ឆ្នាំង ៖នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី កម្រិតមធ្យមសិក្សា សាលាស្មាយលីង ហ្គេខូ អេឌូខេសិន ខេមផ្លឹស នៃអង្គការតុកកែញញឹមកម្ពុជា ស្ថិតក្នុងភូមិស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

    photo_2026-11-19_12-40-29.jpg

    អញ្ជើញចូលរួមនៅក្នុងពិធីនេះដែរមាន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម ឆាយ ឫទ្ធិសែម រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសូងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណារាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង លោកបណ្ឌិត Hanes Schmid សហស្ថាបនិកអង្គការតុកកែញញឹមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ ។

    photo_2026-11-19_12-40-35.jpg

    លោក ងន់ សុខលាភ សហស្ថាបនិក និងជានាយកប្រតិបត្តិអង្គការតុកកែញញឹមកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា ដោយចាប់ផ្តើមពីផ្ទៃដីត្រឹមតែ ៩ហិកតា និងផ្ទះគ្រួសារកសិកម្ម ១២ខ្នង នៅឆ្នាំ២០១៤ រហូតពង្រីកបានផ្ទៃដីសរុប ១៥០ហិកតា និងផ្តល់ការងារពេញម៉ោងដល់បុគ្គលិកក្នុងស្រុកចំនួន ៤២៧នាក់ នាពេលបច្ចុប្បន្ន ។ ទន្ទឹមនឹងនេះ អង្គការបានកសាងប្រព័ន្ធអេកូឡូ ស៊ីអភិវឌ្ឍន៍រួមបញ្ចូលគ្នា លើវិស័យសំខាន់ៗ រួមមាន វិស័យអប់រំ និងសុខាភិបាល ដែលបច្ចុប្បន្នសាលាកំពុងផ្តល់ការ អប់រំឥតគិតថ្លៃ រួមទាំងអាហារូបត្ថម្ភ ២ពេលក្នុងមួយថ្ងៃ និងសេវាសុខាភិបាល ដល់កុមារ និងយុវជនខ្វះខាតលទ្ធភាព សរុបចំនួន ៦០៤នាក់ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់កម្រិតមធ្យមសិក្សា ព្រមទាំងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ កសិកម្ម សហគ្រាសសង្គម និងវប្បធម៌ ដែលមានសិក្ខាកាមកំពុងហ្វឹកហាត់ជំនាញចំនួន ១៥៥នាក់ កសិដ្ឋានគំរូសរីរាង្គ រមណីយដ្ឋាន Farmhouse Resort និងមជ្ឈមណ្ឌលវប្បធម៌គង ដែលជួយបង្កើតប្រាក់ចំណូលទ្រទ្រង់ការអប់រំប្រកបដោយនិរន្តរភាព។

    photo_2026-11-19_12-40-38.jpg

    ចំពោះអគារសិក្សាថ្មីកម្រិតមធ្យមសិក្សា ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ លោកនាយកប្រតិបត្តិ បានឱ្យដឹងថា អគារនេះមានរាងមូល កម្ពស់ ២ជាន់ សាងសង់លើផ្ទៃដីសរុប ៥.៤៥៤,៦ម៉ែត្រការ៉េ ទំហំអគារ ១០,៣ម៉ែត្រ × ៥២,៣ម៉ែត្រ មានបន្ទប់សរុបចំនួន ៤៨បន្ទប់ រួមមានការិយាល័យរដ្ឋបាល បន្ទប់សិក្សា បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ បន្ទប់សិល្បៈ និងបន្ទប់ជំនាញផ្សេងៗ។

    photo_2026-11-19_12-40-43.jpg

    សំណង់អគារនេះបានចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ដោយចំណាយថវិកាសរុបប្រមាណជាង ២,២លានដុល្លារអាមេរិក ដែលជាវិភាគទានពីសប្បុរសជន និងដៃគូជាតិ-អន្តរជាតិ តាមរយៈអង្គការតុកកែញញឹមកម្ពុជា ដើម្បីទទួលសិស្សថ្មីបន្តការសិក្សា កម្រិតមធ្យមសិក្សា ប្រមាណ ៥០នាក់ជារៀងរាល់ឆ្នាំ ៕
    អត្ថបទ ហឹង ចូច,រូបថត សន គន្ធនិវឌ្ឍន៍

    photo_2026-11-19_12-40-40.jpg
    photo_2026-11-19_12-40-46.jpg
    photo_2026-11-19_12-40-49.jpg
    photo_2026-11-19_12-40-51.jpg
    photo_2026-11-19_12-40-54.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង