ខេត្តកំពង់ឆ្នាំង ដាំកូនឈើជាង១ម៉ឺនដើម នៅឃុំព្រៃមូល ស្រុករលាប្អៀរ

  • កំពង់ឆ្នាំង ៖មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានរៀបចំដាំកូនឈើជាង ១ម៉ឺនដើម នៅឃុំព្រៃមូល ស្រុករលាប្អៀរ ក្នុងពិធីបុណ្យរុក្ខទិវា ដែលប្រារព្វធ្វើនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ ។

    លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅឆ្នាំនេះមន្ទីរបានត្រៀមកូនឈើជាង ១ម៉ឺនដើម មានកូនដើមធ្នង់ បេង ក្រញូង គគីរ ឈើទាល និងកូនក្ងោក សម្រាប់ដាំក្នុងពិធីបុណ្យរុក្ខទិវា ។ក្រៅពីថ្ងៃប្រារព្វពិធីរុក្ខទិវា នៅគ្រប់ទិសទីក្នុងខេត្តកំពង់ឆ្នាំង បានបង្កើតជាចំការឈើ ដោយបានដាំលើផ្ទៃដីជាង ៤០០០ហិកតា ។

    លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍រុក្ខទិវា បានបង្កើតជាចលនា ស្រឡាញ់ព្រៃឈើ និងពលកម្មដាំកូនឈើផ្សេងៗទៀត ។ លោក អភិបាលរងខេត្ត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរកសិកម្ម និងអំពាវនាវដល់មន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ ការកាប់រុករាន ដុតឈូសឆាយហ៊ុព័ទ្ធដីព្រៃឈើ ដើម្បីយកធ្វើជាកម្មសិទ្ធិខុសច្បាប់ ៕

    អត្ថបទ ហឹង ចូច. រូបថត សន គន្ធនិវឌ្ឍន៍

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង