រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ត្រូវឧស្សាហ៍ចុះពិនិត្យ តាមដាននៅលើរាល់សកម្មភាពបង្កបង្កើនផលរបស់ប្រជាកសិករ ហើយត្រូវសហការដោះស្រាយឱ្យបានទាន់ពេលវេលា នៅពេលកសិករជួបប្រទះនូវបញ្ហាប្រឈមលើការងារបច្ចេកទេសមួយចំនួន។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែង នូវការគាំទ្រ និងលើកទឹកចិត្តដល់កសិករ ក្នុងក្រុងកំពង់ឆ្នាំង និងស្រុកជលគិរី អោយខិតខំបន្ថែមទៀត ដើម្បីចូលរួមធ្វើឱ្យចក្ខុវិស័យ របស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០ សម្រេចទទួលបានជោគជ័យ។
ឯកឧត្តមរដ្ឋមន្ត្រី ចូលរួមអបអរសាទរចំពោះសមិទ្ធផល ដែលម្ចាស់ចំការពោត និងម្ចាស់ស្រែទទួលបាននាពេលនេះ ហើយទិន្នផលមានការកើនឡើង ទីផ្សារផលិតផលល្អ និងនិរន្តរភាពនៃប្រាក់ចំណូលក្នុងគ្រួសារ៕