ប្រ​ជា​ក​សិ​ករ​២៨៤​គ្រួ​សារ​ នៅ​ក្នុង​ស្រុក​បរិ​បូរណ៍​បាន​ទទួល​ស្រូវ​ពូជ​ជា​អំ​ណោយ​ របស់​សម្តេច​ចៅ​ហ្វា​វាំង​ គង់​ សំ​អុល​

  • កំពង់ឆ្នាំង ៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និង ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានផ្តល់ជូនស្រូវពូជចំនួន១០តោន ដល់ប្រជាកសិករ២៨៤គ្រួសារ មកពីឃុំចំនួន៧ ក្នុងស្រុកបរិបូរណ៍ ។

    នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចចៅហ្វាវាំងគង់ សំអុល បានចាត់ឲ្យលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និង លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយម ខេត្តកំពង់ឆ្នាំង នាំយកស្រូវពូជ ចំនួន ១០តោននេះ មកចែកជូនដល់ប្រជាពលរដ្ឋ សម្រាប់ធ្វើការដាំដុះ នៅក្នុងរដូវវស្សានេះ ។

    លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅឆ្នាំនេះខេត្តកំពង់ឆ្នាំង មានផែនការធ្វើស្រូវវស្សាលើផ្ទៃដីចំនួន១២២ ០០០ហិកតា គិតត្រឺមសប្តាហ៍ទី២ ខែឧសភានេះ ប្រជាកសិករសម្រេចធ្វើការដាំដុះបានចំនួន ២៩០៥៥ ហិកតា ស្មើនឹង២៣,៨១ ភាគរយ ។ ក្នុងនោះស្រូវស្រាលធ្វើបាន១៣ ០០៦ហិកតា ស្រូវកណ្តាលធ្វើបាន ៦ ៥៥៩ហិកតានិង ស្រូវធ្ងន់ធ្វើបាន ៩ ៤៩០ហិកតា ។ចំពោះស្រុកដែលធ្វើបានច្រើនជាងគេ គឺស្រុកបរិបូរណ៍ បានជាង១៨ ០០០ហិកតា ។

    លោក ងិន ហ៊ុន បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលពូជស្រូវនាពេលនេះ ត្រូវខិតខំរូតរ:ធ្វើការដាំដុះឲ្យបានទាន់រដូវកាល ។

    នៅក្នុងឱកាសនោះផងដែរ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយម ខេត្តកំពង់ឆ្នាំង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់សម្តេចចៅហ្វាវាំង គង់ សំអុល ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងស្រុកបរិបូរណ៍ និង បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព ត្រូវមានអនាម័យ លាងសំអាតដៃជាមួយអាល់កុល ជែល និង សាប៊ូឲ្យបានញឹកញាប់ ពាក់ម៉ាស និង ចូលរួមអនិវត្តវិធានការផ្សេងៗ ក្នុងការការពារជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរីករាលដាលនៅទូទាំងពិភពលោក ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង