កំពង់ឆ្នាំង ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកសកម្មភាពកំចាត់មីនកម្ពុជា CMAC បានថ្លែងឲ្យដឹងថា កម្លាំងរបស់អង្គភាពស៊ីម៉ាក់បាននឹងកំពុងបំពេញប្រតិបត្តិការ ក្នុងការធានាសុវត្តិភាពដល់ប្រជាពលរដ្ឋ ដែលត្រូវវិលត្រឡប់ទៅកាន់ភូមិឋាន និងផ្ទះសំបែងវិញ ។

ឯកឧត្តម ហេង រតនា បានថ្លែងបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងឳកាសអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាម ដែលកំពុងហ្វឹកហ្វឺន នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី៥ ខែកមរា ឆ្នាំ២០២៦ ។

ឯកឧត្តម អគ្គនាយក CMAC បានបញ្ជាក់ឲ្យដឹងទៀតថា កម្លាំងរបស់អង្គភាពស៊ីម៉ាក់ប្រមាណជិត៨០ កងអនុសេតូច ឬក្រុម ត្រូវបានដាក់ពង្រាយនៅតាមតំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់សៀម ចាប់ពីខេត្តកោះកុង ដល់ខេត្តព្រះវិហារ ដើម្បីឆ្លើយតបសំណូមពរដ៏ចាំបាច់ និងបន្ទាន់បំផុត ។

ឯកឧត្តម ហេង រតនា បានមានប្រសាសន៍ បង្ហាញនូវជំនឿយ៉ាងមុតមាំ ចំពោះសិក្ខាកាមទាំងអស់ នឹងមានសមត្ថភាព វិជ្ជាជីវៈ ការទទួលខុសត្រូវ និងវិន័យខ្ពស់ ក្នុងការអនុវត្តបច្ចេកទេសបោសសម្អាតមីន ប្រកបដោយប្រសិទ្ធភាពសំដៅធានាសុវត្តិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ ៕











