កំពង់ឆ្នាំង ៖ឯកឧត្តម ឡុង ឈុនឡៃ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងលោកជំទាវ កាលពីពេលថ្មីៗកន្លងទៅនេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារកងទ័ពជួរមុខ និងប្រជាពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចំនួន១៣គ្រួសារ នៅក្នុងឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

អញ្ជើញចូលរួមពិធីសំណេះសំណាលនេះដែរមាន លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទ លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទានិងលោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរី ។

នៅក្នុងឳកាសនោះ ឯកឧត្តម ឡុង ឈុនឡៃ តំណាងរាស្ត្រ មណ្ឌលកំពង់ឆ្នាំង បានផ្ដាំផ្ញើដល់អាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់បងប្អូនពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ និងបន្តយកចិត្តទុកដាក់ជាមួយគ្រួសារកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខ។ ឯកឧត្តម បញ្ជាក់ថានៅខេត្តកំពង់ឆ្នាំង កំពុងមានតម្រូវការកម្លាំងពលកម្មជាច្រើនកន្លែង ដែលអាជ្ញាធរ និងមន្ទីរការងារ កំពុងបន្តសម្របសម្រួលជូនបងប្អូនពលករបានចូលធ្វើការងារ។

ឯកឧត្ដម ឡុង ឈុនឡៃ និងលោកជំទាវ បានឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់បងប្អូនពលករ និងគ្រួសារកងទ័ពជួរមុខផងដែរ៕
