សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស​ចំនួន​ ៤៨នាក់​ ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស​ឆបោក​ តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ នៅ​ក្នុង​ទីតាំង​អគារ​ខុនដូរ​ HA​NA ​ខណ្ឌ​សែន​សុខ​

  • កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលជំនាញ អាជ្ញាធរខណ្ឌ និងដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៣:០០ បានចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែងពាក់ព័ន្ធនឹងបទល្មើស Online Scam និងការស្នាក់នៅប្រមូលម្តុំជនបរទេសខុសច្បាប់ នៅក្នុងទីតាំងអគារខុនដូរ HANA អគារលេខ១៤៦៩ ផ្លូវ១០៨៩ ភូមិរោងចក្រ១ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានចំនួន ៧ជាន់។

    នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ សរុបចំនួន៤៨នាក់ (ស្រី១០នាក់) មាន៤សញ្ជាតិ ក្នុងនោះ ជនជាតិកូរ៉េខាងត្បូង ចំនួន ៣៣នាក់ (ស្រី៥នាក់) ⁠ជនជាតិនេប៉ាល់ ចំនួន ១នាក់ (ប្រុស) ⁠ជនជាតិបង់ក្លាដេស ចំនួន ១នាក់ (ប្រុស) ⁠ជនជាតិខ្មែរ ចំនួន ១៣នាក់ (ស្រី៥នាក់) ផងដែរ។ ក្រៅពីនេះ ក្រុមប្រតិបត្តុិការក៏បានរឹបអូស សម្ភារៈបម្រើឱ្យការប្រព្រឹត្តបទល្មើស Scam Online រួមមាន កុំព្យូទ័រ ចំនួន ៦០គ្រឿង ⁠ទូរដែក ចំនួន ៣ គ្រឿង និង⁠លិខិតឆ្លងដែន សរុបចំនួន ៣៥ច្បាប់ ។

    បច្ចុប្បន្ន ជនជាតិកូរ៉េខាងត្បូង ជនជាតិនេប៉ាល់ ជនជាតិបង់ក្លាដេស និងខ្មែរ សរុបចំនួន៤៨នាក់ ខាងលើ ព្រមទាំងសម្ភារៈរឹបអូស ត្រូវ បានប្រគល់ជូន ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី។

    រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

    ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធ នឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង