ខេត្ត​កំពង់​ឆ្នាំង​ នឹង​បញ្ចប់​ការ​ចុះ​បញ្ជី​ដី​ធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ​នៅ​ក្នុង​ខែ​មិនា​ ឆ្នាំ​២០២៥​​​​នេះ​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ខេត្តកំពង់ឆ្នាំង នឹងបញ្ចប់ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ នៅក្នុងខែមីនា ឆ្នាំ២០២៥នេះ ។

    ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ឲ្យដឹងបែបនេះ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកំពង់ឆ្នាំង១រូប កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឲ្យដឹងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ ខេត្តកំពង់ឆ្នាំង អនុវត្តការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ បាន ៥៤៣ភូមិ លើ ៥៦៩ភូមិ និង៦៧ឃុំ លើ៧១ឃុំ សង្កាត់ ។ចុះបញ្ជីបានចំនួន ៥៩២ ១៦៧ ក្បាលដី ស្មើនឹង៩១,១៩ ភាគរយ នៃផែនការប៉ាន់ស្មាន ចំនួន ៦៤៩ ៣៤៦ ក្បាលដី នៅទូទាំងខេត្ត ។ក្នុងនោះវាស់វែងរួចបានចំនួន ៦០២ ៣៤៧ ក្បាលដី នៃចំនួនប៉ាន់ស្មានសរុបនៅទូទាំងខេត្ត ៦៤៩ ៣៤៦ ក្បាលដី នៅសល់ចំនួន ៤៦ ៩៩៩ ក្បាលដី ស្មើនឹង ៧,២៤ភាគរយ ។ ការងារនេះនឹងត្រូវបញ្ចប់ នៅក្នុងខែមិនា ឆ្នាំ២០២៥ ខាងមុខនេះ ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពងឆ្នាំង បានមានប្រសាសន៍ថា ដីធ្លីដែលបានចុះបញ្ជីមានប័ណ្ណកម្មសិទ្ធ គឺមានសុវត្ថិភាព និងជាមូលធនដ៏សំខាន់សម្រាប់កម្មសិទ្ធិករទាំងអស់ មានភាពងាយស្រួលក្នុងការ យកទៅប្រើប្រាស់ តាមសេចក្តីត្រូវការជាក់ស្តែង និងកាត់បន្ថយករណីវិវាទដីធ្លីផងដែរ ។

    សូមបញ្ជាក់ថា ការចុះបញ្ជីដីធ្លី និងចែកបណ្ណកម្មសិទ្ធជូនពលរដ្ឋ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិ បណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែក ដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង