ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់ទន្លេ​សា​ប​ក្នុង​ខេត្ត​កំពង់ឆ្នាំង ជាង៣ម៉ឺនហិកតា ត្រូវបានពលរដ្ឋប្រគល់ជូនរដ្ឋវិញ ខណះអ្នកល្មើស២នាក់ ត្រូវឃាត់ខ្លួន

  • ក្នុងអំឡុងពេលអនុវត្តវិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃ​ទី​     ​​​​​​១០ ខែមីនា ឆ្នាំ២០២២ មានប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញចំនួនជាង៧ពាន់គ្រួសារ ដែលស្មើនឹងផ្ទៃទំហំជាង៣ម៉ឺនហិកតា ។ នេះបើយោងតាម​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តវិធានការបង្ក្រាបការទន្ទ្រាន ដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់​ទន្លេសាប និងលើកទិសដៅការងារបន្ត កាលពីថ្ងៃទី១០ ខែមិនា ឆ្នាំ២០២២ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ។

    ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទៀតថា ក្នុងអំឡុងពេលអនុវត្តវិធានការបង្ក្រាប នៅខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបានឃាត់​ខ្លួនអ្នកពាក់ព័ន្ធចំនួន ២នាក់ និងវត្ថុតាងមួយចំនួន។

    ​ជាមួយគ្នានេះ អាជ្ញាធរខេត្ត ក៏កប់គ្រាប់ត្នោតបានចំនួន ២៣៨៩៤គ្រាប់ ដើមត្នោត ៩ដើម ដើមរាំង ២០០០ដើម ដើមឫស្សី ៤៤៥០ដើម ដើមរំដេញ ៥ ​៣៥០ដើម ដើមសណ្តាន់ ១៩៣៥ដើម និងដើមផ្សេងៗចំនួន ៩ ៥០០ដើម។

    ​ក្រៅពីនេះក៏បាន បោះបង្គោលកំណត់ព្រំតំបន់៣ថ្មី ចំនួន ៣៩បង្គោល កែសម្រួលបង្គោលចំនួន ៧២បង្គោល បង្គោលនៅល្អចំនួន ២៩បង្គោល សរុបបាន ​១៤០បង្គោល គ្រប់តាមផែនការ និងលើកប៉ាណូផែនទីកំណត់ដែនព្រៃលិចទឹកក្នុងតំបន់៣ បានចំនួន ៤ផ្ទាំង គ្រប់តាមផែនការ។

    ​ជាមួយគ្នានេះ កិច្ចប្រជុំក៏បានដាក់ចេញទិសដៅការងារបន្តមួយចំនួនផងដែរ រួមមាន តម្រូវរដ្ឋបាលខេត្ត ពង្រឹងការចុះល្បាត ទប់ស្កាត់ការចូលទន្ទ្រាន ​និងផ្សព្វផ្សាយ បន្តចាត់វិធានការការពារ និងបង្ក្រាបការទន្ទ្រានកាន់កាប់ដីរដ្ឋ នៅក្នុងដែនព្រៃលិចទឹកជុំវិញបឹងទន្លេសាប ជំរុញការចុះបញ្ជីដីរដ្ឋតាម​សំណើរបស់ក្រសួងធនធានទឹក និងឧតុនិយម ត្រូវថែទាំបង្គោលដែលបានបោះរួច និងជំរុញការបោះបង្គោលដែលនៅខ្វះ ត្រូវបន្តជំរុញនីតិវិធីតុលាការ​លើករណីសំណុំរឿងបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប និងអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបន្តចាត់វិធានការ​ចំពោះមន្ត្រីស៊ីវិល និងកងកម្លាំងដែលបានចូលរួម ប្រព្រឹត្តបទល្មើសទន្ទ្រានដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប។

    ​គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលថ្ងៃទី២៨ ខែវិច្ឆិកា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ​និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប។

    ​បន្ទាប់ពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ភ្លាមៗក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយអាជ្ញាធរខេត្តជាប់បឹង​ទន្លេសាប បានចុះស្រាវជ្រាវកំណត់ព្រំប្រទល់ឲ្យ និងបានដកហូតដីព្រៃលិចទឹកដែលរងការកាប់ទន្រ្ទានទាំងនោះ យកមករក្សាទុកជារបស់រដ្ឋវិញផងដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង