សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងមិនធ្វើទំនប់អគ្គីសនីនៅលើទន្លេមេគង្គឡើយ បើទោះបីជាចំណេញបែបណាក៏ដោយ។

សម្តេចមានប្រសាសន៍ដូច្នេះ នៅក្នុងពិធីបិទស្ទឹង សាងសង់ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ ដែលមានអានុភាព ១៥០ម៉េហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី បានថ្លែងថា ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សម្ដេចសូមប្រកាសថារាជរដ្ឋាភិបាលនីតិកាលទី៧ នឹងមិនធ្វើទំនប់អគ្គីសនីនៅលើទន្លេមេគង្គឡើយ។

សម្ដេចបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្រកាសមិនធ្វើវារីអគ្គីសនីនៅលើដងទន្លេមេគង្គទេ ដូច្នេះរាជរដ្ឋាភិបាលថ្មីក៏ប្រកាន់ជំហរនេះបន្តទៀត៕











