ផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង ៦គីឡូម៉ែត្រ ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដោយសារកត្តា អំណោយផល នៃសុខសន្តិភាពធ្វើអោយកម្ពុជាមានលទ្ធភាពច្រើនក្នុងការបន្តកសាងនិងបន្តដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ដូចគ្នានឹងអ្វីដែលប្រទេសធំតូចនៅក្នុងពិភពលោកកំពុងធ្វើផងដែរ។
ឯកឧត្តម បានបន្ថែមថា សម្តេចតេជោនាយករដ្ឋមន្ត្រី គឺតែងតែនៅដក់ជាប់ជាមួយនឹងទឹកដីជាមួយ នឹងប្រជាជន និងតែងបានខិតខំបម្រើប្រជាជនខ្មែរទាំងអស់ ធ្វើយ៉ាងណារក្សាសន្តិភាពកុំឱ្យប្រជាជន វេទនាសារជាថ្មីដោយសារសង្គ្រាម ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ផ្លូវថ្នល់ ទឹក ភ្លើង ខិតខំទាក់ទាញ វិនិយោគមកបង្កើតរោងចក្រ បង្កើតការងារនិងបង្កើនឱកាសនានាគ្រប់បែបយ៉ាងឱ្យដល់ ប្រជាពលរដ្ឋទាំងអស់គ្នា។

គួរបញ្ជាក់ថា ផ្លូវដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ ដែលជាផ្លូវមានប្រវត្តិដ៏យូរលង់ជិត ០១ សតវត្សរ៍ មកហើយ ដោយបច្ចុប្បន្នត្រូវបានក្រាលគ្រួសក្រហមពង្រីកឱ្យបានទូលាយងាយស្រួល ធ្វើដំណើរ ក្រោមការរួបរួម និងគាំទ្ររបស់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងសប្បុរសជន ជាពិសេស ក្រុមយុវជនក្រុម៨ ដែលចូលរួមទាំងកម្លាំងកាយចិត្ត និងធនធានថវិកានៅក្នុងការកសាងនេះ៕



