កំពង់ឆ្នាំង ៖យ៉ាងហោចណាស់មានបេក្ខជនចំនួន ៧៩នាក់ បានអវត្តមានមិនបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ( បាក់ឌុប ) ឆ្នាំសិក្សា២០២២,២០២៣ ។នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ឆ្នាំង នៅព្រលប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

លោក សុឹម ប្រឹម បានឲ្យដឹងថា ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ជុំវិញមណ្ឌលប្រឡងនិងក្នុងមណ្ឌលប្រឡង មានសភាពស្ងប់ស្ងាត់ល្អមិនមានបញ្ហាអ្វីកើតឡើងឡើយ ។ ប៉ុន្តែមានបេក្ខជនចំនួន ៧៩នាក់ បានអវត្តមានដោយមិនដឹងមូលហេតុ ។ក្នុងនោះបេក្ខជន ចំណេះទូទៅអវត្តមានចំនួន ១៨នាក់ ស្រី៤នាក់,បេក្ខជនស្វ័យរិន អវត្តមានចំនួន ៦១នាក់ ស្រី២២នាក់ ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ( បាក់ឌុប )ឆ្នាំសិក្សា២០២២,២០២៣នេះ ខេត្តកំពង់ឆ្នាំង មានបេក្ខជនសរុបចំនួន ៤៣៣០នាក់ ស្រីចំនួន២ ៣៥៧នាក់។ មានមណ្ឌលប្រឡងចំនួន៨មណ្ឌល ចែកចេញជា១៧៤បន្ទប់ ។ក្នុងនោះ ថ្នាក់វិទ្យាសាស្រ្ត មាន២មណ្ឌល ចែកចេញជា៤២បន្ទប់ មានបេក្ខជន ចំនួន១ ០៤៧នាក់ ស្រីចំនួន៦៩១នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន៦មណ្ឌល ចែកចេញជា១៣២បន្ទប់ មានបេក្ខជនចំនួន ៣ ២៨៣នាក់ ស្រី១ ៦៦៦នាក់ ៕











