កំពង់ឆ្នាំង ៖នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបន្តចុះផ្សព្វផ្សាយ និងធ្វើជីវៈសុវត្តិភាព( បាញ់ថ្នាំសម្លាប់មេរោគ ) នៅក្នុងក្រុងកំពង់ឆ្នាំង ។លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានឲ្យដឹងថា យុទ្ធនាការនេះធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ និងអ្នកទិញបក្សី ស៊ុតបក្សី និងម្ចាស់កសិដ្ឋានទាំងឡាយ នៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សីឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

លោក ក្រឹង សំអាត បានឲ្យដឹងថា នៅខេត្តកំពង់ឆ្នាំង មិនមានករណីឆ្លងជំងឺផ្តាសាយបក្សីឡើយ ប៉ុន្តែយុទ្ធនាការនេះធ្វើឡើង ដើម្បីបង្ការនិងទប់ស្កាត់ជាមុន ពីព្រោះនៅក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ តម្រូវការសាច់បក្សីច្រើន។ ដូចនេះមន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល ក៏បានយកចិត្តទុកដាក់ផងដែរចំពោះការធ្វើចរាចរបក្សី និងផលិតផលបក្សី ពីតំបន់មួយទៅតំបន់មួយទៀត ។

លោក ក្រឹង សំអាត បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន ក្នុងករណីមានបក្សីឈឺ ឬងាប់ ក្នុងចំនួនច្រើនដោយមានការសង្ស័យលើជំងឺផ្តាសាយបក្សី ត្រូវរាយការណ៍ជាបន្ទាន់ មកកាន់ភ្នាក់ងារសុខភាពសត្វភូមិ ឬមន្ត្រីអាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ៕











