សួន​បាញ់​ទឹក​តាម​ចង្វាក់​ភ្លេង​ បណ្ឌិត​សភា​ចារ្យ​ អ៊ុក​ រ៉ា​ប៊ុន​ ធ្វើ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​

  • កំពង់ឆ្នាំង ៖ សួនបាញ់ទឹកតាមចង្វាក់ភ្លេងថ្មីមួយដែលទើបនឹងស្ថាបនារួចរាល់ជាស្ថាពរ ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង ធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាព ឯកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សួនបាញ់ទឹកតាមចង្វាក់ភ្លេងនេះ សាងសង់ក្នុងបរិវេណសួនកុមារ ដែលមានទីតាំង ស្ថិតនៅខាងមុខសាលាខេត្តតែម្តង ។ សួននេះមានទំហំ៣៨ម៉ែត្រការ៉េ រៀបថ្មម៉ាប៥ ១៣០ម៉ែត្រការ៉េ មានសួនច្បារលម្អ បំពាក់ភ្លើងចម្រុះពណ៌ ចំណតរថយន្ត និងដំឡើងបង្គោលភ្លើងហ្វាធំកម្ពស់២២ចំនួន៣ដើម ។

    ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា ក្រោយពីសាសង់រួច រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានប្រសិទ្ធិនាមសួនច្បារថ្មីនេះថា « សួនច្បារឯកឧត្តម បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន » ។ សួនមួយនេះ និងក្លាយទីកន្លែង ដ៏ចាប់អារម្មណ៍ថ្មីមួយទៀតរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ឆ្នាំង សម្រាប់មកលំហែកាយ និងកម្សាន្តលេងផងដែរ ។

    នៅក្នុងឳកាសនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកោតសរសើរ ដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងអភិបាល​រងខេត្ត ក្រុមប្រឹក្សា មន្ត្រីរាជការ និងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរួមគ្នាកសាងបាននូវសមិទ្ធិផលជាច្រើន ធ្វើឲ្យខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ។

    ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានរំលឹក ដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ច ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ រក្សាឲ្យបាននូវសន្តិសុខសណ្តាប់ បង្ករលក្ខណៈងាយដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមពិធីបុណ្យ និងដំណើរកំសាន្តទៅកាន់រមណីយដ្ឋាននា ក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង