ឯក​ឧត្តម​ ហេង​​ រតនា​ ៖ ស៊ីម៉ាក់​កំពុង​ពង្រឹង​សមត្ថភាព​​ដល់​មន្ត្រី​​​លើ​​កិច្ច​​ការ​បោស​​សំអាត​មីន​ ដោយ​ធានា​​បាន​នូវ​​សុវត្ថិ​ភាព​​ខ្ពស់​

  • កំពង់ឆ្នាំង ៖ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្នស៊ីម៉ាកបាននឹងកំពុងយកចិត្តទុកដាក់ពង្រឹងសមត្ថភាពជំនាញ ក្នុងការទទួលខុសត្រូវ លើកិច្ចប្រតិបត្តិការបោសសំអាតមីនដល់មន្ត្រីឲ្យមានសមត្ថភាពខ្ពស់ និងមានភាពច្បាស់លាស់ លើកិច្ចការបោសសំអាតមីន ដោយធានាបាននូវសុវត្តិភាពខ្ពស់ ។

    ឯកឧត្តម ហេង រតនា បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកទេសបោសសម្អាតមីន ជំនាន់ទី១៤៥ នៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន ដែលមានទីតាំងស្ថិតក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ។

    ឯកឧត្តម បន្តថា វគ្គហ្វឹកហ្វឺននេះ ពិតជាមានសារសំខាន់បំផុតដល់សិក្ខាកាមទាំងអស់ ដែលបានសិក្សានូវបទពិសោធន៍ បច្ចេកថ្មីៗក្នុងការបោស​សម្អាត​មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រកបដោយសុវត្តិភាពខ្ពស់ ក្នុងការបំពេញការងារជាក់ស្តែង របស់ខ្លួននៅចំការមីន ។

    ឯកឧត្តម ហេង រតនា បានមានប្រសាសន៍ បញ្ជាក់ឲ្យដឹងទៀតថា វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន របស់អង្គភាពស៊ីម៉ាក់ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការហ្វឹកហ្វឺនជំនាញបច្ចេកទេស និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ ក្នុងវិស័យសកម្មភាពមីន និងសំណល់យុទ្ធភ័ណ្ឌ​សង្គ្រាម ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ពិសេសបណ្តាប្រទេស ដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភ័ណ្ឌសង្គ្រាម ។

    សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺនបច្ចេកទេសបោសសម្អាតមីនជំនាន់ទី១៤៥ បានចាប់ផ្តើមដំណើការកាលពីថ្ងៃទី១៩ ខែកុម្ភៈ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចូលរួមសរុប ចំនួន៧៦នាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង