កំពង់ឆ្នាំង ៖នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត អញ្ជើញជាអធិបតីក្នុងពិធីសែនក្រុងពលីនិង បញ្ចុះបឋមសិលាកសាងព្រះវិហារ ថ្វាយព្រះបរមនាម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ស្ថិតក្នុងវត្តគំរាបរុក្ខារាម ភូមិត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

អញ្ជើញចូលរួមក្នុងពិធីនេះដែរមាន ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទេសរដ្ឋន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង មន្ត្រីមួយចំនួនទៀត ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងដថា វត្តគំរាបរុក្ខារាម គឺជាទីអារាមមួយ ដែលសំបូរទៅដោយព្រៃឈើម្លប់ត្រឈឹងត្រឈៃ និង ជាវត្តដែលអត្តខត្តិ ពុំទាន់មានព្រះវិហារនៅឡើយនោះទេ ។

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះអង្គកឋិនទាន ដើម្បីប្រមូលបច្ច័យកសាងវត្តនេះកាលពីពេលកន្លងទៅថ្មីៗនេះ តាមរយៈសម្តេច ចៅហ្វាវាំង គង់ សំអុល សម្រាប់បងប្អូនប្រជាពលរដ្ឋ ពុទ្ធិបរិស័ទចុះណុះជើងវត្ត បានធ្វើបុណ្យ ធ្វើទាន និង ទុកជាទីកន្លែងសក្ការបូជា ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ក្រោយពីបានសាងសង់រួចវត្តគំរាបរុក្ខារាម នឹងក្លាយទៅជាទីអារាម ដែលប្រកបដោយ បរិស្ថានល្អ និង មានសោភណ្ឌភាព ស្រស់បំព្រង ៕











