លោកជំទាវសាស្ត្រាចារ្យ ទុង រដ្ឋាវី ទីប្រឹក្សាជាន់ខ្ពស់ក្រសួងសុខាភិបាល បានលើកឡើងថា ទឹកដោះម្តាយ ពិតជាមានគុណតម្លៃខ្លាំងណាស់ ចំពោះសុខភាព ការលូតលាស់ផ្នែករាងកាយ ការអភិវឌ្ឍន៍សតិបញ្ញាស្មារតីរបស់កុមារ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ការលើកឡើងបែបនេះ បានធ្វើឡើងនៅ ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការបន្ទប់បំបៅដោះកូន នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។
លោកជំទាវសាស្ត្រាចារ្យ ទុង រដ្ឋាវី បន្តថា ភស្តុតាងវិទ្យាសាស្ត្របញ្ជាក់ច្បាស់ថា ការបំបៅកូនដោយទឹកដោះម្តាយភ្លាមអំឡុងម៉ោងដំបូង បន្ទាប់ពីសម្រាលអាចទប់ស្កាត់មរណភាពទារកបានប្រហែល២០ភាគរយកុមារដែលបានទទួលការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់រយៈពេល៦ខែដំបូង អាចកាត់បន្ថយជំងឺរាគរូស បាន១១ដង និងជំងឺរលាកសួតបាន១៥ដង បើប្រៀបធៀបជាមួយកុមារ ដែលមិនបានទទួលការបំបៅដោយទឹកដោះម្តាយ បានពេញលេញ។
ជាមួយគ្នានេះ លោក ហ៊ូ ក្រើន នាយអង្គការ Helen Keller ក៏បានលើកឡើងដែរការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ នៅប្រទេសផ្សេងនាពេលកន្លងមក បានរកឃើញថាគម្រោងលើកកម្ពស់អាហារូបត្ថម្ភនិងការចិញ្ចឹមទារកនិងកុមារនៅតាមរោងចក្រសហគ្រាសនិងកន្លែងធ្វើការ មានផលចំណេញច្រើនសម្រាប់ និយោជិត និងនិយោជក ។
លោក ហ៊ូ ក្រើន សង្កត់ធ្ងន់ថា ផលចំណេញទាំងនោះរួមមាន កាត់បន្ថយថ្លៃថែទាំសុខភាពសម្រាប់ម្ដាយនិងកូន កាត់បន្ថយការអវត្តមានបុគ្គលិក បង្កើនផលិតភាពការងារ ធ្វើឲ្យបរិយាកាសនៅកន្លែងធ្វើការមានលក្ខណៈល្អប្រសើរ បុគ្គលិកស្ត្រីដែលបន្តការងាររយៈពេលយូរមានអត្រាខ្ពស់ កម្មករមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការងារ និងមានការកាត់បន្ថយការចំណាយលើការជ្រើសរើស និងការបណ្ដុះបណ្តាលនិយោជក។
តាមរបាយការណ៍អង្កេតសុខភាព និងប្រជាសាស្ត្រកម្ពុជាឆ្នាំ២០២២នេះ បានបង្ហាញថា អត្រានៃការ បំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់នៅកម្ពុជាមាននិន្នាការបន្តធ្លាក់ចុះគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងពីអត្រា ៦៥ភាគរយ នៅឆ្នាំ ២០១៤ មកនៅត្រឹម៥១ភាគរយ នៅឆ្នាំ ២០២២នេះ។
ប្រទេសកម្ពុជា បានប្តេជ្ញាចិត្តថានឹងបង្កើនអត្រាការបំបៅកូនដោយ ទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យដល់៦ខែ ឱ្យបានដល់៨៥ភាគរយ នៅឆ្នាំ២០៣០។











