កំពង់ឆ្នាំង៖ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពីសេស និង ជាអនុប្រធានទី១ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការដោយសារមីន បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងតែចាត់ទុកការងារបោសសម្អាតមីន ជាការងារស្នូល និង អាទិភាព ក្នុងបុព្វហេតុសង្រ្គោះ ស្តារ កសាង និង អភិវឌ្ឍន៍ប្រទេសជាតិ ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានមានប្រសាសន៍ បញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការសកម្មភាពមីន នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់បន្ថែមថា បេសកកម្មនៃការងារបោសសម្អាតមីន គឺជាការអនុវត្តនូវទស្សនវិស័យនិងគោលបំណងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបញ្ចប់នូវការឈឺចាប់ ការភ័យខ្លាច និងទុក្ខលំបាករបស់ប្រជាជនកម្ពុជា ដែលបង្កឡើងដោយសារគ្រាប់មីន និង សំណល់ជាតិផ្ទុះ ពីសង្រ្គាម ។ ហើយសម្តេចតេជោ តែងតែចាត់ទុកការងារបោសសម្អាតមីន ជាការងារស្នូលនិងអាទិភាព ក្នុងបុព្វហេតុសង្រ្គោះ ស្តារ កសាងនិងការអភិវឌ្ឍប្រទេសជាតិ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានឲ្យដឹងថា ខេត្តកំពង់ឆ្នាំង គឺជាខេត្តអាទិភាពមួយ ក្នុងចំណោមខេត្តដទៃទៀត សម្រាប់ការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដែលនឹងត្រូវប្រកាសជាខេត្ត អស់មីន ក្នុងខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ។

ឯកឧត្តម អម សុភា អភិបាលរងខេត្តនិងជាប្រធានគណៈកម្មាធិការសកម្មភាពមីន ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ខេត្តកំពង់ឆ្នាំង មានផែនការ
បោសសម្អាតគ្រាប់មីននិងសំណល់ជាតិផ្ទុះ បញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០២២ ដែលអង្គភាព CMACបានដាក់ពង្រាយកម្លាំងប្រតិបត្តិការរបស់ខ្លួននៅតាមគោលដៅ និង ពហុកោណដែលមានក្នុងទិន្នន័យថ្នាក់ជាតិ របស់អាជ្ញាធរមីន ។ ក្នុងនោះរួមមាន ចម្ការមីនបោសសម្អាត ចំនួន ១០ចម្ការមីន ស្មើផ្ទៃដី ៦២៥,៥២៤ ម៉ែត្រក្រទ្បា ៕










