ប្រធានសួនសត្វភ្នំតាម៉ៅ ​ច្រានចោល​ព័ត៌មាន​មិន​ពិត​អំ​ពី​គម្រោងរុះ​រើសួនសត្វភ្នំតា​ម៉ៅទៅខេត្តផ្សេង (វីដេអូ)

  • ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ លោក ញ៉ឹក រតនៈពេជ្រ បានថ្លែង​បដិ​សេធច្រានចោលព័ត៌មាន​មិនពិត​អំពី​​គម្រោងរុះរើសួនសត្វភ្នំតាម៉ៅទៅខេត្តផ្សេងៗ។

    លោក ញ៉ឹក រតនៈពេជ្រ បានឱ្យដឹងថា ថ្មីៗនេះ មានការផ្សព្វផ្សាយតាមរយៈបុគ្គល និងសារព័ត៌មានមួយចំនួនបណ្ដាលឱ្យមាន ការភ័ន្តច្រឡំ ថា ឧទ្យាសួនសត្វ ភ្នំតាម៉ៅ នឹងត្រូវរុះរើ ផ្ទេរទៅកាន់ខេត្តសៀមរាប ឬខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរី បណ្ដាលឱ្យ  មានផលប៉ះពាល់ដសល់សត្វព្រៃមួយចំនួនដែលកំពុងថែរក្សានៅក្នុងឧទ្យាន។

    លោក ញ៉ឹក រតនៈពេជ្រ  បញ្ជាក់ថា ករណីនេះ ឧទ្យាសួនសត្វ មិនមានផែនការរុះរើ ឬផ្ទេរទីតាំង ទៅកាន់ខេត្តផ្សេងឡើយ។ ហើយថា សត្វព្រៃទាំងអស់ដែលកំពុងថែរក្សា នឹងមិនរងផលប៉ះពាល់ដូចការលើកឡើងនោះដែរ។

    បើតាមលោក ញ៉ឹក រតនៈពេជ្រ ហ្វូងប្រើស រមាំង ឈ្លួស ជ្រូកព្រៃ សត្វស្លាបទាំងអស់ ត្រូវបានដោះលែងឱ្យរស់នៅក្នុងបរិវេណ ឧទ្យាន សួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ  និងមានរបងសុវត្ថិភាពព័ទ្ធជុំវិញក្នុង គោលបំណង ដើម្បីបម្រើឱ្យការងារ​អប់រំ ការបង្កាត់ពូជ និងកាត់បន្ថយជម្លោះរវាងសត្វព្រៃ និងសហគមមូលដ្ឋាន។

    គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ទុនបន្ថែមសម្រាប់គម្រោងអភិវឌ្ឍន៍ឧទ្យានសួននិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ រួម​មាន​គម្រោងស្ថាបនាកែលម្អគុណភាព ប្រព័ន្ធផ្លូវក្នុងឧទ្យានសួនសត្វ មានប្រវែងជាង ១៥ គីឡូម៉ែត្រ។

    គម្រោងសាងសង់បន្ទប់អនាម័យចំនួន ៥ កន្លែង គម្រោងសាងសង់អគាររដ្ឋបាលមួយកន្លែងដើម្បីបម្រើឱ្យការងារប្រចាំថ្ងៃ និងគ​ម្រោងសាង​​សង់មជ្ឈមណ្ឌលកម្សាន្ដដើម្បីបម្រើឱ្យសេវាកម្មទេសចរណ៍ កសាងអាងស្ដុកទឹកមួយកន្លែងដែលមានចំណុះជាង ២០ ម៉ឺនម៉ែត្រគូប ដើម្បីផ្គត់ផ្គង់ទឹកស្អាត និងតម្រូវការប្រចាំថ្ងៃរបស់ឧទ្យាសួនសត្វភ្នំតាម៉ៅ។

    កសាងខ្លោងទ្វារ២កន្លែង និងដាំដើមឈើ ផ្កដាលម្អតាមដងផ្លូវជាង ១ ម៉ឺនដើម ដើម្បីបម្រើឱ្យសេវាកម្មទេសចរណ៍ចំនួន ជំរុញ​​កំណើន​សេដ្ឋកិច្ច និងចំណូលសហគមន៍ មូលដ្ឋាន និងជួយឱ្យឧទ្យានសួនសត្វ អាចប្រកួតប្រជែងបានក្នុងបរិបទសេដ្ឋកិច្ច​​បច្ចុប្បន្ន និងធានានិរន្តភាពការងារប្រចាំថ្ងៃរបស់ឧទ្យាសួនសត្វផងដែរ៕

    សូមទស្សនាវីដេអូខាងក្រោម៖

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង