កំពង់ឆ្នាំង ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងអាកាស សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង និង លោកជំទាវ អ៊ូ សិទ្ធិរី បាននាំយកទេយ្យទាននិងទៀនវស្សាទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្តទាំង៦ ស្ថិតនៅក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ពិធីប្រគេនទៀនវស្សានិងទេយ្យទាន បានប្រារព្វធ្វើក្នុងទីអារាមវត្តគិរីសុវណ្ណ (វត្តត្រងិល) ដែលជាទីជួបជុំព្រះសង្ឃនិមន្តមកពីវត្តពោធិធិនទ្ទឹម វត្តគិរីអណ្តែត វត្តគិរីរស្មី វត្តមានគុណ វត្តគិរីរតណរាម នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ។ ហើយក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ឈួន ថាវរិន្ទ មេបញ្ជាការរងកងទ័ពជើងអាកាសសមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់លែង ព្រមទាំងលោក លោកស្រីជាក្រុមការងារចុះមូលដ្ឋានស្រុក និង ឃុំត្រងិល ព្រមទាំងអាជ្ញាធរដែនដីស្រុក ឃុំផងដែរ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងសួរសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង ដែលជានិច្ចកាលលោកតែងមានការនឹករឭកដល់ប្រជាពលរដ្ឋនៅឃុំត្រងិល។ នាយឧត្តមសេនីយ៍បានបន្តថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិ ហើយរស់នៅក្នុងសង្គមមួយដោយសុខដុមរមនាក្រោមបរិយាកាសសុខសន្តិភាព ។

នៅរៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត និងក្រុមការងារថ្នាក់ជាតិ ក្រុមការងារគណបក្សប្រជាជនកម្ពុជាតែងតែបាននាំយកនូវទៀនព្រះវស្សាមកវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងប្រទេស ដែលជាការបង្ហាញ
នូវការយកចិត្តទុកដាក់គាំទ្រផ្នែកវិស័យពុទ្ធសាសនា។

ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង បានក្រើនរំលឹកប្រជាពលរដ្ឋនៅឃុំត្រងិលឲ្យរួសរាន់នាំកូនចៅទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឲ្យបានគ្រប់ៗគ្នា ពីព្រោះគ្មានប្រទេសណាដែលផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដូចកម្ពុជានោះទេ ដោយសារតែយើងមានថ្នាក់នាំដ៏ឈ្លៀសវៃ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតគូយ៉ាងយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ប្រការនេះហើយទើបយើងអាចជួបជុំគ្នាប្រារព្វពិធីតាមបែបសាសនាយ៉ាងសប្បាយរីករាក ដែលផ្ទុយពីប្រទេសខ្លះនៅក្នុងសាកលលោកកំពុងពើបប្រទះនឹងភ្លើងសង្គ្រាម ការហែកហួគ្នា ដូចនេះយើងត្រូវប្តេជ្ញាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសទៅរកសុខសន្តិភាព និងការរីកចម្រើន។

សូមបញ្ជាក់ថា ទេយ្យទានដែលបានប្រគេនក្នុងមួយវត្តនីមួយៗ រួមមាន ទៀន១គូ អង្ករ ទឹកផ្លែឈើ មី ទឹកត្រី ទឹកស៉ីអ៉ីវ ត្រីខ ទឹកសុទ្ធវីតាល់ ប្រេងកាត
៣០លីត្រ តែ ស្ករស រួមនិងបច្ច័យយសរុប២០លានរៀល សម្រាប់ប្រគេនចំពោះព្រះសង្ឃដែលគង់នៅវត្តទាំង៦។ ជាមួយគ្នានេះ អាចារ្យមកពីវត្តទាំង៦ និងយាយជី ប្រជាពលរដ្ឋចំនួន៧០នាក់ ក្នុងម្នាក់ៗទទួលបច្ច័យបានចំនួន ១០,០០០រៀលផងដែរ ៕










