កំពង់ឆ្នាំង៖ ឧទ្ធម្ភាគចក្រមួយគ្រឿង បានបង្ខំចុះចតភ្លាមៗ នៅក្បែរមាត់ទន្លេ ក្នុងភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាល្ងាចថ្ងៃទី៧ខែកក្កដា ឆ្នាំ២០២២ ។

ប្រភពពីសមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានឲ្យដឹងថានៅលើឧទ្ធម្ភាគចក្រមួយគ្រឿងនេះមានមនុស្សតែម្នាក់គត់ គឺជាបើកបរជនជាតិអាឡឺម៉ង់ ឈ្មោះ អេន ឌី ។

លោក អេន ឌី ដែលជាអ្នកបើកបរ បានប្រាប់សមត្ថកិច្ចថា គាត់ធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តសៀមរាប ។ នៅពេលមកដល់ភូមិសាស្ត្រស្រុករលាប្អៀរអាកាសធាតុមិនអំណោយផល គឺមានភ្លៀង និងខ្យល់ខ្លាំង មិនអាចបន្តដំណើរ ក៏សម្រេចចិត្តចុះចតទាំងបង្ខំតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលកើតហេតុ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានឲ្យក្រុមសមត្ថកិច្ចចុះអន្តរាគមន៍ ដោយបាននាំបុរស ជនជាតិអាឡឺម៉ង់នោះ មកសម្រាកនៅសណ្ឋាគារ ក្នុងក្រុងកំពង់ឆ្នាំង និង បានដាក់កម្លាំងការពារឧទ្ធម្ភាគចក្រនោះផងដែរ ។ លុះនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២នេះ ទើបបន្តដំណើរទៅកាន់គោលដៅ ខេត្តសៀមរាប ៕










