អនុ​ប្រធាន​ទី១​អាជ្ញា​ធរ​មី​ន​ និង​ ទូត​ឥណ្ឌា​អញ្ជើញ​ បំពេញ​ទស្សន​កិច្ច​នៅ​វិទ្យា​ស្ថាន​បច្ចេក​ទេស​សកម្ម​ភាព​មីន​ ស្ថិត​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន លោកជំទាវ ឯកអគ្គរដ្ឋទូត ឥណ្ឌា ប្រចាំកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២
    បានអញ្ជើញបំពេញទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ដែលមានទីតាំង ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ។

    ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា បានធ្វើសេចក្តីរាយការណ៍ ឲ្យដឹងថា បច្ចុប្បន្នវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន របស់អង្គភាពស៊ីម៉ាក់( CMAC ) បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងហ្វឹកហ្វឺនជំនាញបច្ចេកទេស និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ ក្នុងវិស័យសកម្មភាពបោសសំអាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរ​ជាតិជាពិសេសបណ្តាប្រទេស ដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីន និង សំណល់យុទ្ធភណ្ឌសង្គ្រាម ។

    ឯកឧត្តម ហេង រតនា បញ្ជាក់ថា សកម្មភាពហ្វឹកហ្វឺនទាំងនេះបានជួយពង្រឹងសមត្ថភាពមន្ត្រីជំនាញឲ្យបំពេញកិច្ចប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព
    ដើម្បីរួមចំណែកក្នុងការអនុវត្ត អនុសញ្ញាអន្តរជាតិ អូតាវ៉ា និង ផែនការយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាល ឆ្នាំ២០២៥ កម្ពុជាអស់ការគំរាមកំហែងដោយ​សារគ្រាប់មីន ក៏ដូចជាការឆ្លើយតបផែនការយុទ្ធសាស្ត្របន្តរបស់អង្គភាពស៊ីម៉ាក់ក្រោយ ឆ្នាំ២០២៥ ផងដែរ ។

    ​នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមលី ធុជ និងលោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌា ព្រមទាំងប្រតិភូបានអញ្ជើញពិនិត្យវឌ្ឍនភាពការងារ សកម្មភាពហ្វឹកហ្វឺនសុនខហិតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ,សុនខប្រឆាំងភេរវកម្ម, សុនខហិតរកវ៉ីរុសកូវីដ-១៩ និង សកម្មហ្វឹកហ្វឺនផ្សេងៗទៀត របស់បុគ្គលិកស៊ីម៉ាក់ ។

    ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានកោតសរសើរចំពោះមន្រ្តី របស់វិទ្យាស្ថាន ដែលមានជំនាញបច្ចេកទេសខ្ពស់ប្រកបដោយវិជ្ជាជីវៈផ្នែកហ្វឹកហ្វឺនសុនខហើយបានវាយតម្លៃខ្ពស់ដល់ការបំពាក់សម្ភារ:ឧបទេស រួមទាំងហេដ្ឋារចនាសម្ព័ន្ធរបស់វិទ្យាស្ថាន ដែលបង្ហាញអំពីសមត្ថភាព ឧត្តមភាព សោភណ្ឌភាព និង វិសាលភាពរបស់អង្គភាពស៊ីម៉ាក់ ។

    ឯកឧត្តម លី ធុជ ក្នុងនាមអាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី ដែលកាលពីថ្ងៃសុក្រ កន្លងទៅនេះ នៅខេត្តបន្ទាយមានជ័យ សម្តេចបានប្រកាសថា យើងនឹងបោសសំអាតគ្រាប់មីន និង សំណល់យុទ្ធភណ្ឌសង្គ្រាមឲ្យអស់ ដើម្បីផ្តល់ដីមានសុវត្តិភាព ជូនដល់
    ប្រជាពលរដ្ឋ។ជាមួយគ្នានេះសម្តេចក៏បានផ្តួចផ្តើមគៀងគរមូលនិធិពីសប្បុរសជននានា សម្រាប់សកម្មភាពដោះមីននៅកម្ពុជា ក្នុងនោះខេត្តចំនួន៣ ទទួលបានអទិភាពមុនគេ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង