កំពង់ឆ្នាំង ៖ ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង សម្រេចប្រមូលផលស្រូវប្រាំង បានជាង ៥០ ភាគរយហើយ ។ នេះបើតាមការបញ្ជាក់របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ។

លោកប្រធានមន្ទីរបានឲ្យដឹងថា គិតត្រឹមថ្ងទី១៩ ខែមិនា ឆ្នាំ២០២៤នេះ ប្រជាកសិករនៅទូទាំងខេត្តកំពង់ឆ្នាំង សម្រេចប្រមូលផលស្រូវប្រាំង បានលើផ្ទៃដីចំនួន ២៨ ៨០៧ ហិកតា ស្មើនឹង៥០,៣៩ ភាគរយ លើផ្ទៃដីដាំដុះបាន ចំនួន ៥៧ ១៦២ ហិកតា។ ដោយទទួលបានទិន្នផលជាមធ្យម ចំនួន៤,៤២២តោនក្នុង១ហិចតា ។

លោក ងិន ហ៊ុន បានឲ្យដឹងទៀតថា ចំពោះតម្លៃស្រូវ នៅក្នុងសប្តាហ៍នេះ ស្រូវក្រអូបស្ងួតតម្លៃ១ ៦៥០រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២៣ ចំនួន៣៤០រៀល ក្នុង១គីឡូក្រាម ។ ស្រូវចម្រុះស្ងួតជាមធ្យមតម្លៃ ១៣០០ រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២៣ ចំនួន៧០រៀល ក្នុង១គីឡូក្រាម ។ ស្រូវOMសើម តម្លៃ១ ០៤០រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២៣ចំនួន ៩០រៀល ក្នុង១គីឡូក្រាម ៕










