កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ឆ្នាំងនិង មកពីស្រុករលាប្អៀរជាង៥ ០០០នាក់ បានទទួលការពិនិត្យនិងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ។

ការពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃនេះ ធ្វើឡើង នៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និង មានការចូលរួមពី ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងផងដែរ ។

ឯកឧត្តម លេង ផាលី បានឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុនម៉ានី ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តមានប្រមាណជិត៦ពាន់នាក់ ក្នុងនោះស្ត្រីមានជាង ៣ពាន់នាក់ បានចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋមនិងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំង២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម បានបញ្ជាក់ថា នៅថ្ងៃនេះក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយថ្នាំពេទ្យរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនិងបានដឹកនាំវេជ្ជបណ្ឌិតឯកទេសជំនាញៗ ដែលមានបទពិសោធន៍ក្នុងការព្យាបាលជំងឺច្រើនឆ្នាំ មកពិគ្រោះ និង ព្យាបាលជំងឺ ជូនបងប្អូនដោយឥតគិតថ្លៃ ។ ពេលនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តកំពុងបន្តចូលរួមចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ ទី២ ទី៣ និងទី៤ ជូនប្រជាពលរដ្ឋនៅទីនេះដោយស្ម័គ្រចិត្ត និងមិនគិតពីថវិកាបេសកកម្មនោះទេ ក្រោមហេតុផលចង់ឃើញបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អ និងការពារបានពីជំងឺកូវីដ ១៩ ។

នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ដោយមិនគិតថ្លៃ ។

ឯកឧត្តម អភិបាលខេត្ត ក៏បានសំណូមពរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សូមបន្តចុះជួយពិនិត្យ ពិគ្រោះ និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នាពេលក្រោយៗទៀត សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនិងរួមគ្នាកាត់បន្ថយភាពក្រីក្រ ស្របពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕












