កំពង់ឆ្នាំង៖ លោក ធឿង ស៊ីម ជាជាងទូកដ៏ល្បីល្បាញមួយរូបក្នុងចំណោមជាងទូកដទៃផ្សេងទៀតនៅក្នុងខេត្តកំពង់ឆ្នាំង ។ លោកបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញមកដល់បច្ចុប្បន្ន តាមរយៈការធ្វើទូកចែវ ដែលមានឈ្មោះ ព្រះទីនាំងសារាយអណ្តែតចង្ហាន់ហុយ នៅក្នុងឆ្នាំ២០០៧។

លោក ធឿង ស៊ីម កើតនៅឆ្នាំ១៩៤៩ នៅភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលកាលនោះឃុំកោះថ្កូវស្ថិតក្រោមរដ្ឋបាលគ្រប់គ្រង់របស់ស្រុកកំពង់ត្រឡាច មុនកាត់ចូលមកក្នុងស្រុកជលគិរី នាពេលបច្ចុប្បន្ន។ លោកមានភរិយា និងកូន៨នាក់ ។ លោក ធឿង ស៊ីម បានទទួលមរណភាពនៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១២។
ដំបូងឡើយ លោក ធឿង ស៊ីម ជាជាងទូកនេសាទធម្មតា ក្រោយមកនៅអំឡុងឆ្នាំ១៩៩៨ គណៈកម្មការវត្តកោះថ្កូវ ក៏បានហៅរូបលោកឲ្យទៅជួសជុលទូកប្រណាំងដែលមានឈ្មោះពេជ្ររស្មីសិរីសោភ័ណ្ឌ ។ គ្រានោះរូបលោក ធឿង ស៊ីម បានសំណូមពរឲ្យគណៈកម្មការទិញឈើមកបន្ថែម ដើម្បីធ្វើទូកថ្មីមួយគ្រឿងទៀតឲ្យបានចំនួន២ទូក។ ទូកថ្មីនោះ ត្រូវបានដាក់ឈ្មោះថា ពេជ្ររស្មីសិរីសោភា។
ដោយមើលឃើញថាល្បឿន សិរីសោភា សមប្រកប និងបានទទួលចំណាត់ថ្នាក់ក្នុង ផែនលេខ១ផ្នែកទូកចែវថ្នាក់ជាតិ ទើបនៅឆ្នាំ២០០៣ អ្នកភូមិកោះលតនិងបត់ត្រង់ ក៏បានរៃអង្គាស់ថវិកាគ្នាឲ្យរូបលោក ធ្វើទូកមួយគ្រឿងនៅវត្តទួលវិហារក្នុង ដែលមានឈ្មោះ សន្ទុះរាជសីហ៍បារមីចង្ហាន់ហុយ ។
កេរ្តិ៍ឈ្មោះរបស់ លោក ធឿង ស៊ីម ត្រូវបានរីកសុះសាយល្បីល្បាញជាបន្តបន្ទាប់ រហូតដល់អ្នកស្រុកបរិបូណ៌ បានអញ្ជើញរូបលោកទៅធ្វើទូកថ្មីមួយគ្រឿងនៅឆ្នាំ២០០៧ ដែលមានឈ្មោះ ព្រះទីនាំងសារាយអណ្តែតចង្ហាន់ហុយ។ ទូកនេះហើយ ដែលធ្វើអោយក្នុងពិភពអ្នកលេងទូកចែវក្នុងខេត្តកំពង់ឆ្នាំង កាន់តែស្គាល់រូបកាន់តែច្បាស់។
ទូកដែលជាងស៊ីម បានធ្វើរួមមាន សិរីសោភា នៅអំឡុងឆ្នាំ១៩៩៨ សន្ទុះរាជសីហ៍បារមីមានរិទ្ធិនៅឆ្នាំ២០០០ សន្ទុះរាជសីហ៍បារមីចង្ហាន់ហុយឆ្នាំ២០០៣ អធិរាជសែនជ័យបារមីកោះពេជ្រ នៅឆ្នាំ២០០៦ ម៉ារីមសែនជ័យបារមីចំប៉ីស្រះចក នៅឆ្នាំ២០០៦ ព្រះទីនាំងសារាយអណ្តែតចង្ហាន់ហុយនៅឆ្នាំ២០០៧ កសិកម្មសែនជ័យបារមីចំប៉ាស្រះចក នៅឆ្នាំ២០១០ និងធ្លាប់ជួសជុលកែទូកក្នុងខេត្តកំពង់ឆ្នាំងមួយចំនួនទៀតផងដែរ៕










