គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៣០ខែសីហា អ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា នៅកម្ពុជាបានកើនដល់ជិត២ពាន់នាក់ហើយ ដោយភាគច្រើនរកឃើញនៅ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។ នេះបើយោងសេចក្តីជូនព័ត៌មានពីបច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា របស់ក្រសួងសុខាភិបាលនៅថ្ងៃទី៣១ ខែសីហានេះ។
សេចក្តីជូនព័ត៌មានដដែល បានបង្ហាញទៀតថា ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ ពោលគឺនៅថ្ងៃទី២៩និងទី៣០ ខែសីហា កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា ចំនួន១៦៤នាក់ ដែលបានរកឃើញនៅ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា អ្នកមានវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទដែលតា ជិត២ពាន់នាក់នៅប្រទេសកម្ពុជា គឺមានជាអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រលប់ពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និង សិស្សជាដើម។ ជាមួយគ្នានេះ ក៏មានរាជធានី-ខេត្តចំនួន២៣ បានរកឃើញករណីមានឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មីលើកលែងតែ២ខេត្តប៉ុណ្ណោះ គឺ ខេត្តកែប និងខេត្តក្រចេះ នៅមិនទាន់រកឃើញនៅឡើយ។










