កំពង់ឆ្នាំង ៖ អ្នកជំងឺ៣នាក់ បានស្លាប់និងបន្តរកឃើញ អ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ២៥នាក់ បន្ថែមទៀត ខណៈអ្នកជំងឺបានជា
សះស្បើយចំនួន១៣នាក់ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកស្លាប់ទាំង៣នាក់ ១,ឈ្មោះឆាយ គាវណ្ណះ ភេទស្រីអាយុ៥៤ឆ្នាំ រស់នៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ។ ២,ឈ្មោះញឹម ណារី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។និង ៣,ឈ្មោះអ៊ី ឆៃយ៉ុង ភេទស្រី អាយុ៦៦ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅភូមិកោះតាពៅ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ដោយឡែកអ្នកវិជ្ជមាន កូវីដ-១៩ ទាំង២៥នាក់ ដែលទើបនឹងរកឃើញថ្មី ជាអ្នករស់នៅក្នុងក្រុងកំពង់ឆ្នាំងចំនួន៦នាក់ ស្រុកបរិបូរណ៍៩នាក់ ស្រុកកំលែងចំនួន៩នាក់ និង មកពីឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ១នាក់ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំងក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមាន កូវីដ-១៩ ទាំង២៥នាក់ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដែល នៅជិតបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និង ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវ វិធានការ “៣ការពារ និង៣កុំ” ។
សូមបញ្ជាក់ថា គិតថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២ ៦២៦នាក់, អ្នកជាសះស្បើយ សរុបចំនួន២ ១២០នាក់, ស្លាប់សរុបចំនួន៧៣នាក់និងកំពុងសម្រាកព្យាបាលចំនួន៤៣៣នាក់៕











