កំពង់ឆ្នាំង៖ ករណីអគ្គិភ័យមួយ បានកើតឡើងនៅខេត្តកំពង់ឆ្នាំង បានបណ្ដាលឆេះផ្ទះអស់១ខ្នង និងបានបណ្ដាលឲ្យកុមារ២នាក់ បានស្លាប់ផងដែរ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង៩ និង១៦ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅភូមិពោធិ៍រិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មាន ពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅរសៀលថ្ងៃនេះថា ម្ចាស់ផ្ទះដែលឆេះនោះ មានឈ្មោះ អ៊ូ ចាន់នឿន អាយុ៧០ឆ្នាំ និងមានប្រពន្ធឈ្មោះ សួន សំអូន។ ករណីអគ្គិភ័យនេះបាន បណ្តាលឲ្យឆេះផ្ទះ ១ខ្នង ទំហំ១២×០៥ម៉ែត្រ និងបានបណ្តាលឲ្យកុមារ ចំនួន២នាក់ បានស្លាប់រួមមាន ៖
១. ឈ្មោះ នឿន ចិត្រា ភេទ ប្រុស អាយុ១០ឆ្នាំ ។
២. ឈ្មោះ នឿន ចាន្ថា ភេទ ស្រី អាយុ៧ឆ្នាំ និងសម្ភារៈប្រើប្រាស់ ក្នុងផ្ទះមួយចំនួន។
ចំពោះមូលហេតុវិញ ត្រូវបានសមត្ថកិច្ច អះអាងថាបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ពេលឪពុកម្តាយចេញទៅធ្វើការបាត់ និងតាយាយមិននៅផ្ទះ៕










