កំពង់ឆ្នាំង ៖ ខេត្ត្តកំពង់ឆ្នាំង បានត្រៀមទីតាំងចំនួន១១កន្លែង នៅក្នុងក្រុងស្រុកទាំង៨ ដើម្បីរៀបចំជាមណ្ឌលចត្តាឡីស័ក សម្រាប់ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ តាមព្រំដែនគោក។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១០ ខែសីហា នេះ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ក្រៅពីរៀបចំជាមណ្ឌលចត្តាឡីស័ក នៅទូទាំងខេត្តកំពង់ឆ្នាំង មានក៏រៀបចំមណ្ឌលព្យាបាលចំនួន៦កន្លែងផងដែរ។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី០៦ ខែសីហា បានចេញសារាចរ ស្តីពីការរៀបចំមណ្ឌល ចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ តាមព្រំដែនគោក។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំ ឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត ត្រូវផ្តល់ការគាំទ្រឱ្យបានពេញទំហឹង តាមគ្រប់មធ្យោបាយ ជាពិសេសផ្នែកសម្ភារ និងថវិកា ដើម្បីជួយដល់បណ្តារាជធានី ខេត្ត ក្នុងការគ្រប់គ្រង និង ទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ សម្រាប់ការធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺ កូវីដ-១៩ ព្រមទាំងយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានការពាក់ព័ន្ធនឹងជំងឺ កូវីដ-១៩៕











