កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញផ្សារឆ្នាំង និងលំនៅឋានដែលជាប់ពាក់ព័ន្ធជាមួយនឹងផ្សារឆ្នាំងតាមផ្លូវលេខ៤០ ចាប់ពីទំនប់បារាំង រហូតដល់ផ្លូវកែងវត្ដទេពធីតារាម ក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ។
ទន្ទឹមគ្នានឹងការបើកដំណើរការឡើងវិញផ្សារឆ្នាំង និងតំបន់ជុំវិញនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏ណែនាំឱ្យប្រជាពលរដ្ឋ និងម្ចាស់តូបលក់ដូរទាំងអស់ បន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយ និងចូលរួមអនុវត្តវិធានការពាររបស់ក្រសួងសុខាភិបាលគឺ “ពាការពារ និង ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន។
គួរបញ្ជាក់ថា ផ្សារឆ្នាំងនិងលំនៅឋានដែលជាប់ពាក់ព័ន្ធ ស្ថិតក្នុងភូមិសាស្រ្ត ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរ សម្រេចបិទជាបណ្តោះអាសន្ន កាលពីថ្ងៃទី៨ខែកក្កដា ។ ការបិទផ្សារឆ្នាំង និង លំនៅឋានដែលពាក់ព័ន្ធមិនឲ្យមានការចេញចូលលក់ដូរ ជាបណ្តោះអាសន្ននេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវិដ.១៩ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវិដ.១៩ ចំនួន២៣នាក់ ជាអាជីវករ និង ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់នេះ ៕ អត្ថបទ៖ សីហា 











