អភិ​បាល​ខេត្ត​កំ​​ពង់​ឆ្នាំង​ និង​ក្រុម​កា​រងារ​សាង​សង់​ផ្លូវ​អា​ស៊ាន​ ចុះ​ពិ​​និត្យ​ដំ​ណើ​រការ​សាង​​សង់​រង្វង់​មូល​រូប​សំ​ណាក​ឆ្នាំង​ និង​ដាំ​​ដើម​​ឈើ​លើ​ទ្រូង​ផ្លូវ​​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តនិងលោក លោកស្រី ប្រធាន​មន្ទីរ​​អង្គភាពជុំវិញខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ ក្រុមការងារគម្រោងសាងសង់ផ្លូវជាតិលេខ៥ ដឹកនាំដោយលោក ឈឹម ផល្លា ប្រធាន​នាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការនិងដឹកជញ្ជូន និង ជាប្រធានគម្រោងស្ថាបនាផ្លូវជាតិលេខ៥ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញ ចុះពិនិត្យមើលអំពីដំណើរការសាងសង់រូបសំណាកឆ្នាំង នៅរង្វង់មូលថ្មី និង ដាំដើមត្របែកព្រៃ តាមបណ្តោយផ្លូវភ្លោះ លើទ្រូងផ្លូវ ស្ថិតនៅឃុំជ្រៃបាក់ស្រុករាលប្អៀរ ខេត្តកំពង់ឆ្នាំង ។

    លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានគម្រោងស្ថាបនាផ្លូវជាតិលេខ៥ ចំពោះ​គម្រោង​​ធ្វើឱ្យ​​ប្រសើរ​​ឡើងកំណាត់ផ្លូវជាតិលេខ៥ភាគខាងត្បូងសាងសង់ចាប់ពីព្រែកក្តាម(ខេត្តកណ្តាល) ដល់ធ្លាម្អម  (ពោធិ៍សាត់)មានប្រវែងសរុប​​១៣៥,២៤​គីឡូ​​​ម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន០៣ គឺខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និង ខេត្តពោធិ៍សាត់  ជាផ្លូវក្រាលបេតុងកៅស៊ូAC ចែកជា៤គន្លងទៅ២គន្លងមក គ្រោងរយៈពេលសាងសង់ចំនួន៤៨ខែ ។

    សម្រាប់ខេត្តកំពង់ឆ្នាំង មានផ្លូវវាងចំនួន៣ ទីតាំង ដែលផ្លូវវាងទី១ នៅត្រង់ចំណុចភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ព្រំប្រទល់ខេត្ត​​កំពង់​​ឆ្នាំង​​​​​និងខេត្តកំពង់ស្ពឺ សាង់សង់សួនច្បារ និងរូបសំណាកព្រះគោព្រះកែវ ។ ទីតាំងទី២ នៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ត្រង់ចំណុចផ្លូវបំបែក​​វៀងក្រុង​កំពង់​​​​ឆ្នាំង សាង់សង់សួនច្បារ និង រូបសំណាកឆ្នាំង ។ ទីតាំងទី៣ ក្នុងឃុំពង្រ ស្រុករលាប្អៀរ ត្រង់ចំណុចចុងផ្លូវវាងក្រុងកំពង់ឆ្នាំង សាងសង់សួនច្បារ និង រូបនារីស្មូនឆ្នាំង។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នំាង បានមានប្រសាសន៍ថា ការចុះកមកពិនិត្យរង្វង់មូលសំណាកឆ្នាំង គឺដើម្បីពិនិត្យមើលអំពីដំណើរការ​សាង​​​សង់ តាមគម្រោង នៃកិច្ចសន្យា ដើម្បីដាក់ពណ៌លើរូបសំណាកឆ្នាំង ដើម្បីបង្កើននូវសោភ័ណភាព និង ប្រណិតភាពឱ្យបានសក្តិសម ជានិមិត្ត​​​រូបឆ្នាំង ។

    ឯកឧត្តម​អភិបាលខេត្ត បានឲ្យដឹងថា រូបសំណាកឆ្នាំងមានកម្ពស់១៤ម៉ែត្រ(រួមទាំងជើងទម្រ) រំលេចដោយក្បូរក្បាច់​រចនាតាមក្បួនខ្នាតស្ថាបត្យ​​កម្ម​​​ត្រឹម​​​​​ត្រូវ និងមានសួនច្បារព័ទ្ធជុំវិញ។ ដែលរហូតមកដល់ពេលនេះរូបសំណាកឆ្នាំង បានសាងសង់សម្រេចបានជាង​៩០ភាគរយហើយ ដែលគ្រោង​​នឹង​​បញ្ចប់នាពេលខាងមុខនេះ ។

    ឯកឧត្តម ស៊ុន សិវណ្ណារិទ្ធ បានបញ្ជាក់ទៀតថា ក្រោយពីផ្លូវនេះ សាងសសង់រួចរាល់ នឹង ធ្វើឱ្យខេត្តកំពង់ឆ្នាំង ក្លាយជាខេត្ត ដែលមានសក្តានុពល​ផ្នែក​​​វិស័យទេសចរណ៍ ដែលមានបរិស្ថានស្អាត ទាក់ទាញបាននូវភ្ញៀវជាតិនិងអន្តរជាតិមកលេងកំសាន្ត ហើយខេត្តនឹងមានគម្រោង​​បន្ថែមទៀតដើម្បី​​ទាក់ទាញ​​អ្នកវិនិយោគិន​​​ជាតិ និង អន្តរជាតិផងដែរ ។

    ក្នុងឱកាស​​នោះ ឯកឧត្តម បានអញ្ជើញដាំដើមផ្កាត្របែកព្រៃលើគន្លងផ្លូវដើម្បីលម្អសោភណភាពតាមដងផ្លូវផងដែរ ។ ឯកឧត្តម បានសំណូមពរ​​ឱ្យ​​ប្រជា​​​​​ពលរដ្ឋដែលរស់នៅអមតាមដងផ្លូវនេះចូលរួមថែរក្សា ការពារ ដោយមិនត្រូវសាងសង់រំលោភលើចិញ្ចើមផ្លូវសារធារណរបស់រដ្ឋជាដាច់ខាត ៕

    អត្ថបទនិងរូបភាព៖ និវឌ្ឍន៍

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង