រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបិទបញ្ចប់បំរាមគោចរនៅក្នុង“តំបន់លឿង” ចាប់ពីថ្ងៃទី២២ ខែឧសភានេះតទៅ និងអនុញ្ញាតអោយគ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋាន ផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញ ហើយការលក់គ្រឿងស្រវឹងគ្រប់ប្រភេទក៏ត្រូវអនុញ្ញាតឡើងវិញផងដែរ ។
ជាមួយនឹងការប្រកាសបិទបញ្ចប់បំរាមគោចរ និងអនុញ្ញាតឲ្យបើកអាជីវកម្មមួយចំនួនក្នុង «តំបន់លឿង»នេះ រដ្ឋបាលរាជធានីភ្នំពេញ អោ យមានការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ដែលរួមមានកាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ កុំ”។
ដ្បិតតែសកម្មភាពការងារ មុខរបរ និងអាជីវកម្មមួយចំនួន នៅក្នុង“តំបន់លឿង”ត្រូវអនុញ្ញាតឱ្យបើកដំណើរឡើងវិញ ប៉ុន្តែសកម្មភាពការងារ មុខរបរ និងអាជីវកម្មមួយចំនួនក៏នៅតែបន្តផ្អាកដំណើរការជាបណ្ដោះអាសន្នផងដែរ រហូតដល់មានការសម្រេចជាថ្មី ។ សកម្មភាពការងារ មុខរបរ និងអាជីវកម្មមួយចំនួនដែលនៅតែបន្តផ្អាកនោះរួមមាន ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន អាជីវកម្មម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោងសម្ដែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណនិងមជ្ឈមណ្ឌលកីឡា ព្រមទាំងអាជីវកម្ម-សេវាកម្មផ្សេងទៀត ដែលមិនទាន់មានគោលការណ៍អនុញ្ញាត។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា បានសម្រេចដាក់ចេញបំរាមគោចរ ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្ត្ររាជធានីភ្នំពេញ ហើយគិតដល់ថ្ងៃបិទបញ្ចប់បំរាមគោចរនេះគឺមានរយៈពេល៥១ថ្ងៃ។










