កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការ នគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៦ ខែឧសភាឆ្នាំ២០២១ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកផុសចុះបង្ក្រាបករណីរក្សាទុក ជួញដូរនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះឈ្មោះស៊ីម រី ស្ថិតក្នុងភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោកហ៊ល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងប៉ូលីសឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់។ ក្នុងនោះ១,ឈ្មោះស៊ីម រី ភេទស្រី អាយុ៤០ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ( ជួញដូរ ដោយខុស ច្បាប់នូវសារធាតុញៀន) ។ ២,ឈ្មោះសួស ស៊ីម ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង (សមគំនិតជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)។ ៣,ឈ្មោះអ៊ូ តារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង (រក្សារទុក ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ) ។ ៤,ឈ្មោះសាន រៀម ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្ត កំពង់ឆ្នាំង(សមគំនិតជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)។

លោកស្នងការរងបានឲ្យដឹងថា ក្នុងពេលឃាត់ខ្លូនជនសង្ស័យ សមត្ថកិច្ចឆែកឆេរកឃើញនិងដកហូតវត្ថុតាង មានថ្នាំញៀនចំនួន៨កញ្ចប់, ទូរស័ព្ទ ២គ្រឿង, កាំភ្លើងខ្យល់ចំនួន១ដើម សម្ភារ:វេចខ្ចប់និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ជនសង្ស័យកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីយកចម្លើយ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ចាត់ការតាមនិតិវិធីច្បាប់ ៕










