រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមេសានេះ បានចេញសេចក្តីសម្រេច ពិន័យចំពោះបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាល របស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

ក្នុងសេចក្តីសម្រេច ពិន័យចំពោះបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានកំណត់កម្រិតទឹកប្រាក់ពិន័យអន្តរការណ៍ចាប់ពី១លានរៀល ដល់ ២លានរៀល ទៅតាមវិធានការរដ្ឋបាលនីមួយៗ ចំពោះបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាលដែលរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត បានដាក់ចេញ ក្នុងគោលបំណង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានកំណត់ថា មន្ត្រីនគរបាលយុត្តិធម៌មានសមត្ថកិច្ច ត្រូវចេញបង្កាន់ដៃពិន័យអន្តរការណ៍ជូនបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល ដើម្បីបង្គាប់ឱ្យបុគ្គលនោះបង់ប្រាក់ពិន័យអន្តរការណ៍ទៅតាមកំហុសដែលខ្លួនបានប្រព្រឹត្ត ក្នុងរយៈពេល ៣០ គិតចាប់ពីថ្ងៃបានទទួលបង្កាន់ដៃពិន័យអន្តរការណ៍។ ក្នុងករណីទទួលប្រាក់ពិន័យអន្តរការណ៍ដោយផ្ទាល់ជាសាច់ប្រាក់ ឬជាមូលប្បទានបត្រ ត្រូវប្រើប្រាស់បង្កាន់ ដៃបង់ប្រាក់ដែលបោះពុម្ភ និងបើកផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានកំណត់ទៀតថា ក្នុងករណីបុគ្គលដែលមិនគោរពវិធានការរដ្ឋបាលមិនបានបង់ប្រាកពិន័យអន្តរការណ៍ក្នុងរយៈពេល ៣០ សាមសិប បុគ្គលិករដ្ឋបាលខេត្តដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីជាធរមាន៕










