នាយ​ឧត្តម​សេនីយ៍សន្តិប​ណ្ឌិត នេត សាវឿន ដឹកនាំ​កិច្ច​ប្រជុំស្ដីពី​វិធានការធានា​ស្ថិរភាព​ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព​សង្គម ក្នុង​ឱកាស​បុណ្យចូលឆ្នាំខ្មែរប្រពៃណី​ជាតិ

  • ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំប្រជុំពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិច ស្ដីពី “ វិធានការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ “ ដោយមានការចូលរួមពីថ្នាក់អគ្គស្នងការរងទាំងអស់ ឯកឧត្តម-លោកប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងស្នងការនគរបាលរាជធានី-ខេត្ត។

    បន្ទាប់ពីការអានខ្លឹមសារលម្អិត នៃសេចក្តីណែនាំស្តីពី វិធានការធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិរួចមក ឯក​ឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវគោលការណ៍រួមដូចខាងក្រោម៖

    ទី១-គ្រប់នាយកដ្ឋាន-អង្គភាពចំណុះ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវប្រកាសចំណុចខ្ពស់ពង្រឹងវិធានការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពិសេសនៅតាមគោលដៅអាទិភាព វត្តអារាម រមណីយដ្ឋាន និងទីតាំងកន្លែងកម្សាន្តសប្បាយនានា ដោយត្រូវមានផែនការចាត់តាំងអនុវត្តច្បាស់លាស់។

    ទី២-គ្រប់នាយកដ្ឋាន-អង្គភាព ត្រូវមានកម្មវិធីការងារជាក់ស្ដែងដូចខាងក្រោម៖

    ក.ធ្វើការប្ដូរវេនប្រចាំការ ២៤/២៤ម៉ោង ដើម្បីធានានិរន្តរភាពការងារ

    ខ.ត្រូវពង្រឹងក្រុមប្រចាំបញ្ជា ទាំងនៅតាមនាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីទទួល​សំណូមពរ​របស់​មហា​ជន និងត្រូវត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារៈ ដើម្បីអន្តរាគមន៍ដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់សភាពការណ៍។

    ទី៣-ក្រើនរំលឹកដាស់តឿនដល់គ្រប់នាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឱ្យអប់រំណែនាំមន្ត្រីក្រោមឱវាទអំពីការ​អនុវត្ត​វិធាន​សុខាភិបាល ពិសេសអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី “ ៣ការពារ ៣កុំ “ ដើម្បីថែរក្សាសុខភាពផ្ទាល់​ខ្លួន ព្រមទាំងក្រុមគ្រួសារ និងត្រូវធ្វើជាគំរូដល់សាធារណជន៕ 

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង