ក្រសួង​ព័ត៌​​មាន បើក​យុទ្ធការ​​ចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូវីដ​១៩​ ជូនមន្រ្តីរាជ​​ការ​​​​ក្រសួង​ និងអ្នក​សារ​ព័ត៌​មាន​

  • ក្រសួងព័ត៌មាន  បានចាប់ផ្តើមបើក​យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់​មន្រ្តីរាជការ​ក្រសួង​ព័ត៌មាន​ និងអ្នកសារ​ព័ត៌មាន​ទូទាំង​​ប្រទេសចំនួនប្រមាណជាង៥ ពាន់នាក់ នៅថ្ងៃទី០១ ខែមេសានេះ ដែលធ្វើឡើងនៅក្នុងបរិវេនទីស្តីការ​ក្រសួងព័ត៌មាន ។យុទ្ធ​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងក្របខណ្ឌក្រសួងព័ត៌មាននៅថ្ងៃដំបូងនេះ គឺចាក់ជូនថ្នាក់ដឹកនាំ ទីប្រឹក្សា និងមន្រ្ដី​រាជ​ការ​ក្រសួងព័ត៌មាន។

    បើតាម ឯកឧត្ដម ទន់ សារ៉ាត រដ្ឋលេខាធិការ និងជាអនុប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌ​ក្រសួ​ង​​ព័ត៌មាន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំង គឺធ្វើឡើងកំណត់ចំនួនមនុស្សទៅតាមថ្ងៃ និងការកំណត់ពេលវេលាជាក់លាក់ ដោយធ្វើទៅតាមចំនួនមនុស្សនៅក្នុងអគ្គនាយកដ្ឋាននីមួយៗនិង តាមបញ្ជីឈ្មោះអ្នកសារព័ត៌មានដែលអង្គភាពសារ​ព័ត៌មា​ន​បាន​បញ្ជូន​ឈ្មោះមក​ក្រសួងព័ត៌មានរួចរាល់ ដើម្បីកាត់បន្ថយការប្រមូលផ្ដុំគ្នាច្រើន រក្សាឱ្យមានគម្លាតសុវត្ថិភាពអនុវត្ដន៍ទៅតាមវិធាន​ការរបស់ក្រសួងសុខាភិបាល ។

     ឯកឧត្តម បានបន្ថែមថា ក្រសួងព័ត៌មាន បានត្រៀមរៀបចំទីកន្លែងចាក់វ៉ាក់សាំង ដោយមានចាប់ពីកន្លែងរង់ចាំ កន្លែង​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ កន្លែងសង្គ្រោះ បន្ទប់គ្រូពេទ្យចាក់វ៉ាក់សាំង ព្រមទាំងបានចាត់ចែងក្រុមការងាររៀបចំទៅតាមមុខងារ តួនាទី និងកា​រទ​ទួល​ខុសត្រូវតាមផ្នែកនីមួយៗ សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនមន្រ្តីរាជការក្រសួង បុគ្គលិក អ្នកសារព័ត៌មាន​ពីអង្គ​ភាព​សារព័ត៌មាន និងក្នុងវិស័យផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ អនឡាញ ។

    ជាមួយគ្នានេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសអនុគណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំង ក្របខ័ណ្ឌក្រសួងព័ត៌មាន ក៏បានអញ្ជើញពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ថ្នាក់ ដឹកនាំមន្ត្រី​រាជការ​ក្រសួង​ព័ត៌មាន និងបណ្តាប្រព័ន្ធផ្សព្វផ្សាយឯកជន តាមគោលការណ៍ស្ម័គ្រចិត្ត ដែលបានចាប់ផ្តើម នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០​២១ នេះផងដែរ។

    តាមរបាយការណ៍របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន បានបង្ហាញថា ការចុះឈ្មោះរបស់ថ្នាក់ដឹកនាំ មន្រ្ដីរាជការ ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មានចំនួនជាង៥ពាន់នាក់ ក្នុង​នោះ​ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការក្រសួងព័ត៌មានសរុបចំនួនជាង១ពាន់នាក់ និងអ្នកសារព័ត៌មានសរុបចំនួនជាង៤ពាន់នាក់ ដែល​មកពី​ផ្នែកកាសែត និងទស្សនាវដ្ដីចំនួន៣២អង្គភាព ផ្នែកទូរទស្សន៍ចំនួន១៧ ស្ថានីយ ផ្នែកវិទ្យុចំនួន២៥ស្ថានីយ ផ្នែកគេហ​ទំព័​រ​ចំនួន៩៩អង្គភាព ការិយាល័យសារព័ត៌មានបរទេសចំនួន០៤អង្គភាព និងក្រុមហ៊ុន សមាគម និងរោងពុម្ពផ្សេងៗ​ដែល​ធ្វើការ​ក្នុងវិស័​យ​ព័ត៌មាន៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង