កំពង់ឆ្នាំង៖ កម្លាំងការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលផែនការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដោយមានការអនុញ្ញាតពីលោកមេបញ្ជាការ និងការសម្រប សម្រួលពីឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង វេលាម៉ោង១០:៣០នាទី នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានចុះបង្រ្កាបករណីឈូសឆាយ និងទន្ទ្រានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ស្ថិតក្នុងភូមិកោះខ្ទុម្ភ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្នុងប្រតិបត្តិការបង្រ្កាបនោះ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ រួមមានទី១-ឈ្មោះ ស៊ឹម សំអាត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ និងទី២-ឈ្មោះអែម គង់ ហៅពេក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ដោយឡែកវត្ថុតាងដកហូតបាន រួមមានត្រាក់ទ័ចំនួន១គ្រឿង ម៉ាក(KOBOTA)ពណ៌ក្រហម កម្លាំងម៉ាស៊ីនM(85.40) និងទូរស័ព្ទដៃចំនួន០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់និងវត្ថុតាងចាប់យកខាងលើត្រូវបានការិយាល័យជំនាញកំពុងធ្វើឯកសារប្រគល់ ទទួលឲ្យនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងបន្តនីតិវិធី។