កំពង់ឆ្នាំង ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រារព្ធធ្វើទិវាជាតិ សុខភាពមាតា ទារក និង កុមារ ២១កុម្ភៈ នៅមណ្ឌលសុខភាពព្រៃគ្រី ស្រុកជលគិរីខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម អម សុភា ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម អម សុភា ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ទិវាជាតិសុខភាពមាតា ទារកនិងកុមារ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់និងយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារ និង ដើម្បីគាំទ្រ សម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិង កុមារ ។ ចូលរួមគាំទ្រការអនុវត្តគោលនយោបាយ គាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ និង ឈានទៅសម្រេចបានគោលដៅ កាត់បន្ថយអត្រាការស្លាប់របស់មាតា ការស្លាប់របស់ទារកក្នុងផ្ទៃ ការស្លាប់របស់ទារកទើបនឹងកើត និងនការស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំ តាមការកំណត់នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
ឯកឧត្តម បានគូសបញ្ចាក់អោយដឹងថា ក្នុងគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល បានជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះឲ្យបានទទួលបាននូវការឧបត្ថម្ភជីវភាពរស់នៅក្នុងកាលៈទេសៈដែលមានការយាយីរាតត្បាតដោយកូវីដ ១៩ ។ ហើយគោលនយោបាយគាំពារសង្គម ក៍បានពង្រឹងនិងបន្តជួយដល់ស្រ្តី ជាកម្មការនី ឲ្យទទួលបានអត្ថប្រយោជន៍ក្នុងការថែទាំសុខភាព និងតាមរយៈការឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និង កូនអាយុក្រោម២ឆ្នាំ នៃគ្រួសារដែលមានប័ណ្ណសមធម៌ ។
ឯកឧត្តម បានអោយដឹងទៀតថា តាមការអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាសូមឲ្យមាតាៗគ្រប់រូបសំខាន់ស្ត្រីមានគភ៌ទាំងអស់ ត្រូវអញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬ ឆ្មបជំនាញនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ដែលនៅជិតលំនៅដ្ឋានរបស់ខ្លួន។ ព្រមទាំងទៅសម្រាលកូននៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ ។ សូមស្រ្តីមានផ្ទៃពោះ ស្រ្តីជាមាតាទាំងអស់ អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ ការពារខ្លួន ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផ្សព្វផ្សាយទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ ។ ដូចជាពាក់ម៉ាស់ លាងដៃ គំលាតសុវត្ថិភាព និង រស់នៅតាមរបៀបគន្លងថ្មី ។
ដើម្បីចូលរួមអបអរសាទ ទិវាសុខភាពមាតាទារកនិងកុមារ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានចែកអំណោយដល់ស្រ្តីមានផ្ទៃពោះនិងស្រ្តីទើបសម្រាលកូន ចំនួន៥៨នាក់ ដោយក្នុងម្នាក់ៗទទួល បានមុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត ឈុតអាវកូនក្មេង ស្រោមដៃ ស្រោមជើង មួកសាប៊ូកូនក្មេង កន្សែងពោះគោ និង ថវិកា២ម៉ឺនរៀល ៕